លោក កន សុខកាយ ចាញ់បោក គ្រូមា លី សាម៉េត អស់លុយ ៣០ម៉ឺនដុល្លារ ថ្លៃរត់ការ យកតំណែងជា «អភិបាលក្រុងអរីយក្សត្រ»

ភ្នំពេញ៖ បើយោងតាមសំណេររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះថា «ថ្ងៃនេះ សម្ដេចបានទទួលវីដេអូពី លោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការ បានតំណែងជា អភិបាលក្រុងអរីយក្សត្រ»។

នៅលើទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថាថា «ដោយរឿងច្រើនពេកថ្ងៃនេះ សម្ដេចសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះសម្ដេចដើរបោកប្រាស់គេរហូតថា យកលុយដែលបោកប្រាស់បានយកមកជូនសម្ដេចទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះសម្ដេចក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថា ផ្ទះសម្ដេចបែរមុខទៅខាងណាផង។

សម្ដេចបន្តថា ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថា យកមកឲ្យសម្ដេច តែពេលសុខ ឡេង ផ្តាំឲ្យសួរសម្ដេច តាមកូនចិញ្ចឹមសម្ដេច ទ្រី សុខា ទើបសម្ដេចដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ»។

សម្ដេចតេជោបន្តទម្លាយថា មុននេះប៉ុន្មានថ្ងៃ សម្ដេចបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកសម្ដេចអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។

សម្ដេចបញ្ជាក់ថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងតំឡើងស័កមន្ត្រីរាប់មុឺននាក់ទាំងសុីវឹលនិងកងកម្លាំងប្រដាប់អាវុធសម្ដេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថា តាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីសម្ដេចថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

សម្ដេចប្រធានបញ្ជាក់ទៀតថា ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះសម្ដេចទៅប្រើ។ ដើម្បីជំរះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងសម្ដេចតេជោបានស្នើ៖

១៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី
ទុកសងដល់អ្នកចាញ់បោកលី សាម៉េត។

២៖ អ្នកចាញ់បោកលី សាម៉េតទាំងអស់ ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ កាន់មេធាវីសម្តេចតេជោ។

៣៖ ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។

៤៖ ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close