ទោះបីជាមណ្ឌល រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំការ ប្រឡងអាចគ្រប់គ្រងស្ថានការណ៍ និងដំណើរការការប្រឡង បាក់ឌុប ប្រកបដោយភាពប្រក្រតីនាថ្ងៃស្អែកនេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ២០២៤ លោក ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យដែលជួបនូវបញ្ហាទឹកលិចដោយ សារទឹកភ្លៀង ដោយមានការចូលរួមសម្របសម្រួល អន្តរាគមន៍ពី លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌសង្កាត់នីមួយៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅតាមមណ្ឌលប្រឡងដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមាន វិទ្យាល័យ ៖
– វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន១០០%)
– វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី (បានដោះស្រាយចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ និង ក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%)
– សាលាបឋមសិក្សាភ្នំពេញថ្មី (រដ្ឋបាលរាជធានីភ្នំពេញបានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច១០០%)
– វិទ្យាល័យឫស្សីកែវ (ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ពីរដ្ឋបាលខណ្ឌឫស្សីកែវបានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង)។
ជាលទ្ធផលទោះបីជាមណ្ឌលខាងលើបានរងផលប៉ះពាល់ពីជំនន់ទឹក ភ្លៀងយ៉ាងណាក៏ដោយ ក្រោមការ យកចិត្តទុកដាក់ចាត់ចែងដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គណៈកម្មការរៀបចំការ ប្រឡងអាចគ្រប់គ្រងស្ថានការណ៍ និងដំណើរការការប្រឡងប្រកបដោយភាពប្រក្រតីនាថ្ងៃស្អែកនេះ៕