ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ឃាង មករា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា អូររាំងឪ បានដឹកនាំក្រុមប្រតិបត្តិអនុសាខាស្រុក និងក្រុមកាកបាទក្រហមកម្ពុជាឃុំទួលសុភី ជាមួយអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះទៅចូលរួមសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសាររបស់កុមារី រទ្ធី សៀង អាយុ៣ឆ្នាំ នៅភូមិពោង ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាព ដោយសារ រានទេវតា បានធ្លាក់សង្កត់ពីលើ។
នាឱកាសនោះដែរ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាក្រុង បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខពីសំណាក់លោក ងួន ប៊ុណ្ណាន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ និងឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា ជាមួយគ្រួសារនៃសព ដែលបានបាយ់បង់កូន ចៅ បងប្អូន មិត្តភក្តិ សាច់ញាតិជាទីស្រលាញ់ប្រៀបដូចកែវភ្នែកត្រូវបានបែកបាក់គ្នាតែមួយភ្លែត។ ជាក់ស្តែងលោកស្រីបានបន្ថែមថាសូមបងប្អូនគួរប្រុងប្រយ័ត្នកុំឱ្យមានការបាត់បង់បងប្អូនកូនចៅដែលជាសាច់ញាតិដូចករណីខាងលើទៀត និងបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយដល់ជនរងគ្រោះទាំងអស់គ្នារកស៊ីទទួលទានមានបាន មានសុខភាពល្អ ជួយតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងកុំបីឃ្លៀងឃ្លាតឡើយ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនគ្រួសារសពរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១យួរ និងថវិកចំនួន២០០,០០០រៀលផងដែរ៕