ម្ចាស់ទីតាំង លក់មាន់អាំង យីហោ ម៉ីនាង កូនចំរើន លក់តម្លើងថ្លៃ ខែបុណ្យទាន ត្រូវ អាជ្ញាធរចុះណែនាំអប់រំ ក្រោយភ្ញៀវបង្ហោះ Tiktok!
ខេត្តសៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកបាគង បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីការលក់ដូរ ឆ្លៀតឱកាសតម្លើងតម្លៃ ក្នុងឱកាស មានបុណ្យទាន និងក្នុងន័យរួមគ្នាដើម្បីវិស័យទេសចរ នៅក្នុងសហគមន៍យើង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ លោក បានណែនាំអោយ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើកិច្ចសន្យាណែនាំ ម្ចាស់កន្លែង លក់មាន់អាំង យីហោ ឈ្មោះម៉ីនាង កូនចំរើន ដែលមានទីតាំង ទល់វិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង ស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ការលក់ដូរនៅទីនេះ គឺជាច្រកនាំចេញ ផលិតផល បន្លែ ត្រី សាច់ របស់ប្រជាកសិករយើង នៅនឹងកន្លែង រួមចំណែកទ្រទ្រង់ជីវភាព និងសេដ្ឋកិច្ចសហគមន៍ ។ ក្រៅពីតម្លៃសមរម្យ សូមបងប្អូនអាជីវករ បន្តពង្រឹងគុណភាព ម្ហូបអាហារ អោយមានរស់ជាតិ និងអនាម័យល្អ ដើម្បីបន្តស្វាគមន៍ភ្ញៀវទេសចរណ៍ និងរក្សាអោយបាននូវចរន្តសេដ្ឋកិច្ចទ្រទ្រង់ជីវភាព នៅក្នុងសហគមន៍យើង ។




