ប្រជាពលរដ្ឋចំនួន ១១១គ្រួសារ ស្ថិតនៅឃុំ២ ក្នុងស្រុកស្អាង ដែលរងគ្រោះដោយទឹកជំនន់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រតិភូសាខា និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១១១គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ស្ថិតនៅឃុំកោះខែល និងឃុំទឹកវិល ស្រុកស្អាង។
មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសចុះចែកអំណោយឯកឧត្តម គួច ចំរើន បានធ្វើការផ្ដាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយក្ត្តីនឹករឭក។
ឯកឧត្តមមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខា បាននាំយកមកឧបត្ថម្ភបងប្អូននាឱកាសនេះ គឺមិនមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺអនុវត្តតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះកុមារ ដើម្បីការពារកុំឲ្យមានករណីលង់ទឹកស្លាប់ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ហើយក្នុងករណីមានសត្វអសិរពិសចឹក ឬខាំ សូមប្រញាប់ស្វែងរកមន្ទីរពេទ្យដែលនៅជិតផ្ទះ មិនត្រូវទុកបណ្ដោយឱ្យហួសពេលឡើយ ជាងនេះទៀតសូមយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ត្រូវពិសាទឹកដាំឆ្អិន និងសម្អាតបរិស្ថានជុំវិញផ្ទះជាដើម ។ល។
អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជន ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំង ១១១ គ្រួសារ ក្នុងក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រីឬទឹកស៊ីអីវ ១យួរ និងថវិកាចំនួន ៧ម៉ឺនរៀល ៕










