ខេត្តកែប៖ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចុះបង្រ្កាប និងចុះរុះរើរាល់ការ លួចសាងសង់សំណង់គ្រប់ប្រភេទដែលរំលោភចូលលើដីសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់សមុទ្រ ចំណុចស្រែយុល ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមនៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងការពារព្រំដែនទឹកវរៈ៤៣០ប្រចាំខេត្តកែប រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងនោះ កម្លាំងចម្រុះ បានចុះទៅដល់ទីតាំងទី១ ដោយម្ចាស់ទីតាំងយកគ្រឿងចក្រមករុះរើដោយខ្លួនឯង ហើយបានស្ទូចយកខ្ចុះឈើចេញចំនួន០២ខ្នង និងបន្តរុះរើថែមទៀត។ ទីតាំងទី២ បានរុះរើសំណង់ផ្ទះឈើ១ខ្នង បាំងជញ្ជាំងក្តា ទំហំ(3mx4m) កម្ពស់២ជាន់ ដែលបានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតចូលក្នុងទឹកព្រែកពីសំណាក់ជនឆ្លៀតឱកាស និងមិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអូរកញ្ឆែត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជាលទ្ធផលក្រុមការងារបានចុះដល់ទីតាំងធ្វើការរុះរើសំភារៈឈើ និងកម្ទេចចោលនៅហ្នឹងកន្លែង។
បើតាមការបញ្ជាក់ពី លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ប្រតិបត្តិការនេះ នឹងបន្តដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតអោយមានការទន្ទ្រានយកដីសាធារណៈមកធ្វើជាកម្មសិទ្ធឯកជននោះទេ៕