រឿង ប៉ូលិស ស្ទូចឡានខូច ដាក់ឡាន! បង្ហោះផ្អើលបណ្តាញសង្គម មេប៉ូលិសខេត្ត បញ្ជាអោយ កោះហៅមន្ត្រីនោះ មកធ្វើការណែនាំអប់រំ!
ខេត្តព្រះសីហនុ៖ ករណី វីដេអូ ដែលបង្ហោះលើបណ្ដាញសង្គម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធ ករណី មន្ត្រីនគរបាលសណ្ដាប់ធ្នាប់ ស្ទូចឡាន ដែល ចតហួសចូលទ្រូងផ្លូវ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនសាធារណជនមេត្តជ្រាបថា៖ នៅវេលាម៉ោង ៨ និង ៤៨នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចេញល្បាតរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ក៏ប្រទះឃើញរថយន្ត ១គ្រឿង ម៉ាកលុចស៊ីស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-6969 ចតនៅលើផ្លូវឯករាជ្យ ហួសគំនូសចូលមកទ្រូងផ្លូវ នៅទីតាំងមុខសាលារៀនកម្មករ ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចក៏បានស្វែងរកម្ចាស់តែពុំឃើញ (រថយន្តនេះ ចតទុកចោលតាំងពីម៉ោង២ទាបភ្លឺ ដោយគ្មានដាក់សញ្ញាសម្គាល់ថា រថយន្តខូច) ក៍បានហៅឡានស្ទូចមកស្ទូច ដើម្បីយកទៅរក្សាទុកបណ្តោះអាសន្ន ពេលកំពុងស្ទូច ម្ចាស់រថយន្តខាងលើក៍មកដល់ ព្រមទាំងធ្វើការថតវីដេអូភ្លាមៗ និងបានប្រាប់ឲ្យសមត្ថកិច្ចដាក់រថយន្តចុះវិញ ព្រោះឡានគាត់ខូច ពេលនោះ សមត្ថកិច្ច ក៏បានប្រាប់ឲ្យម្ចាស់រថយន្ត ទៅយកនៅទីតាំងដាក់ឡាន តែគាត់មិនព្រម នូវតែធ្វើការថតវីដេអូ បង្ហោះតែម្តង។
សមត្ថកិច្ច បានយករថយន្តខាងលើ ទៅដាក់ចុះនៅក្រោយសាលារៀនកម្មករ និងប្រគល់ទៅម្ចាស់រថយន្តវិញ ដោយមិនមានផាកពិន័យ អ្វីឡើយ ហើយម្ចាស់គណនីហ្វេសប៊ុក ដែលបានបង្ហោះវីដេអូខាងលើ ក៏បានលុបវីដេអូ ចេញផងដែរ។
បន្ទាប់មក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាទៅ លោកស្នងការរង ផែនការងារនគរបាលសណ្ដាប់ធ្នាប់ កោះហៅមន្ត្រីខាងលើ ដើម្បីមកធ្វើការណែនាំអប់រំ។