ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សី បានបន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ដាក់គ្រឿងចក្រស្តាព្រែកអូវែង ត្រង់ចំណុចខាងមុខបូរីរិទ្ធ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ព្រែកអូវែងត្រូវបានម្ចាស់ដីមួយចំនួនដែលមានក្បាលនៅលើផ្លូវ៥៩៨ និងមានកន្ទុយដីជាប់និងព្រែកអូវែង បានចាក់ដីរំលោភយក និងសាងសង់សំណង់រឹងលេីចំណីព្រែក។ ព្រែកអូវែងមានទំហំ ៨០ម៉ែត្រ ដែលក្នុងនោះ តួព្រែកមានទំហំ៣០ម៉ែត្រ និងចំណីព្រែកសងខាងមានទំហំ ២៥ម៉ែត្រ ដោយមានផ្លូវជាប់មាត់ព្រែកសងខាងមានទំហំទទឹង ១០ម៉ែត្រ សម្រាប់សម្រួលចរចារណ៍ និងងាយស្រួលចល័តគ្រឿងចក្រ សម្អាតស្តាព្រែកសម្រួលចរន្តទឹកហូរលឿនបញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខណ្ឌចំនួន៥របស់រាជធានីភ្នំពេញ។
លេីសពីនេះទៅទៀត លោកអភិបាលខណ្ឌឫស្សីកែវ បានស្នេីយ៉ាងទទូចអោយម្ចាស់ក្បាលដីខាងលើត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពចាក់ដីរំលោភយកចំណីព្រែកប្រេីប្រាស់ជាប្រយោជន៍ឯកជន នឹងត្រូវសហការជាមួយអាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ចកំណត់ព្រំដីរបស់ខ្លួនជាប់ដីចំណីព្រែក និងត្រូវរុះរេីចេញជាបន្ទាន់បណ្តារសំណង់ដែលបានសង់លេីដីចំណីព្រែកអូវែង បេីមិនដូច្នោះនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន។