រថយន្ដដឹកលើសទម្ងន់ ០១គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ០១ឆ្នាំ

កំពង់ស្ពឺ ៖ នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង ប្រភេទរថយន្តសណ្តោងសឺមីរ៉ឺម៉កភ្លៅ៦ ដឹកស្ករស មានបំពាក់ឡូហ្គោ TS បានផ្ទុកទម្ងន់សរុបចំនួន ៨៧តោន លើសទម្ងន់កម្រិតកំណត់ចំនួន ៤២តោន គិតជាភាគរយលើសទម្ងន់ជាង ៩៣% ដែលច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថារាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់។ ក្រសួងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕
អត្ថបទដែលជាប់ទាក់ទង
Open

Close