ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ។
តាងនាមឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកង ទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវ គារវកិច្ចយ៉ាងកក់ក្តៅ និងស្វាគមន៍យ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម សាយ សំអាល់ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជួបសំណេះ សំណាលជាលើកដំបូងជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានកង ទ័ពជើងគោក ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាពនាពេលនេះ សបញ្ជាក់នូវការយកចិត្តទុក ដាក់ និងផ្តល់នូវភាពកក់ក្តៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលជាធនធាន ការពារជាតិដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱវាទសុំឲ្យក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន បានចងសម្ព័ន្ធ មេត្រីភាពជាមួយបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមចំណែក និងការផ្សារ ភ្ជាប់រវាងសមរភូមិមុខជាមួយសមរភូមិក្រោយតាម រយៈសិល្បះចែករំលែក ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍន៍ វិស័យកងទ័ពឲ្យកាន់តែល្អប្រសើរឡើង។
អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបានគូសបញ្ជាក់ថា កងទ័ពគឺជាសមរភូមិមុខ ចំណែកពួកយើងខ្ញុំគឺស្ថិតនៅសមរភូមិក្រោយ ដែលរងចាំជួយជ្រោមជ្រែងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតី និងសម្ភារៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងនូវការកោតសរសើរចំពោះបញ្ជាការដ្ឋាកងទ័ពជើងគោក និងយោធភូមិភាគ៣ ដែលក្នុងរយៈពេលមួយឆ្នាំមកនេះ បានចូលរួមយ៉ាងសស្រាក់ស្រាំ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្ររបស់កងទ័ព ក្នុងកិច្ចការថែរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយរបស់កម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ដំណើររបស់កម្ពុជាតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នគឺជាដំណើរដ៏ត្រឹមត្រូវ ហើយឯកឧត្តមជឿជាក់ថាដំណើរពីពេលនេះតទៅមុខទៀតក៏នឹងមានភាពរលូនពោរពេញដោយភាពកក់ក្តៅនិងមានការអភិវឌ្ឍន៍រីកចម្រើន ពីព្រោះកម្ពុជាមានមគ្គុទេសដឹកនាំដ៏ល្អគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងកិច្ចការថែរក្សាសុខសន្តិភាពឱ្យបន្តនៅស្ថិតស្ថេរដល់ជំនាន់ក្រោយៗទៀត ។ បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍នានាដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង ប្រមូលផ្តុំកំលាំង គ្រប់គ្រងស្ថាប័ន រក្សាសាមគ្គីឯកភាពផ្ទៃក្នុងក្រសួង គ្រប់គ្រងធនធានហិរញ្ញវត្ថុនិងធនធានមនុស្ស ។
នាឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឧបត្ថម្ភថវិកាជូនដល់ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគ៣ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ៕