បាត់ដំបង៖ ភាពអសន្តិសុខ កំពុងកើនឡើងជាច្រើន ករណី ក្នុងក្រុងបាត់ដំបង ជាហេតុធ្វើអោយប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ចាប់ពីវេលាម៉ោង១រំលងអាធ្រាតរហូតដល់ម៉ោង៥ព្រឹក។
ថ្មីៗនេះ មានក្រុមចោរឆក់ លួច តាមរយះរូបភាព ស្ពាយការ៉ុង ជិះកង់ ឬ ម៉ូតូសណ្តោងរ៉ឺម៉ក ជិះដើររើសអេតចាយ ស្ថិតក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលជាទំនួលខុសត្រូវ ក្នុងដែនសមត្ថកិច្ច របស់ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មានចោរចូលលួចទ្រព្យសម្បត្តិនៅក្នុង ភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពព័ត៌មាន ពីម្ចាស់ហាង (សុំមិនបញ្ចេញឈ្មោះ) បានអោយដឹងថា ៖ ដំបូងលោកគិតថាមិនចង់បង្ហើបរូបភាព សកម្មភាព ចោរលួចនោះទេ ប៉ុន្តែ ករណីនេះ វាកើតឡើងជាច្រើនដងពេកទើបលោកសម្រេចចិត្ត ផុសរូបជាសាធារណៈដើម្បីអោយមហាជនបានឃើញ និង បង្កើនការប្រុងប្រយ័ត្ន ជៀសវាងកុំអោយមានការបាត់បង់ទ្រព្យសម្បត្តិ ពីព្រោះក្រុមចោរលួច ឆក់នេះ ចេញធ្វើសកម្មភាពរៀងរាល់យប់។
ប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងនឹងចាត់វិធានការ ទៅលើករណីនេះ ដើម្បីអោយប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋាន មានសុវត្ថិភាព ស្របតាមគោលនយោបាយ នៃភូមិ ឃុំមានសុវត្ថិភាព។
ជាចុងក្រោយភ្នាក់ងារសារព័ត៌មានយើងខ្ញុំសូមបញ្ជាក់ថា ការបរិយាយខាងលើ គឺជាសារ របស់ ប្រជាពលរដ្ឋ ក្រើនរំលឹកដាស់តឿន ដល់កងកម្លាំងនគរបាលក្រុងបាត់ដំបង បញ្ចេញស្នាដៃ និងសមត្ថភាពរបស់ខ្លួន អោយដូចជនសង្ស័យ ដែលសមត្ថកិច្ច បានឃាត់ខ្លួនមួយចំនួន កន្លងទៅ ហើយ លោកអធិការ ពេញនិយម យកទៅផុសហូរហែរ ក្នុងផេក ផ្ទាល់ខ្លួន ដើម្បីអោយប្រជាពលរដ្ឋ រស់នៅដោយក្តីសុខសាន្តផង៕ ដោយ ៖ សុខ កុសល