ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បានជម្លៀសមកទីទួលសុវត្ថិភាព
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន៤២គ្រួសារ ដែលផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បានជម្លៀសមកទីទួលសុវត្ថិភាព ក្នុងសង្កាត់ក្រចេះ និងសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ។
ឯកឧត្តម វ៉ា ថន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្តម ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពឱ្យបានជាប់ប្រចាំ ត្រូវគេងក្នុងមុង ហូបទឹកស្អាតរឺដាំពុះ និងចំណីអាហារដែលមានអនាម័យល្អ ។
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មុង១, មី១កេស, ត្រីខ១០កំប៉ុង, កៅស៊ូតង់មួយ និងថវិកា ៥០.០០០រៀល ។
បន្ទាប់មកឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានចុះទៅពិនិត្យទីតាំងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បានជម្លៀសសត្វពាហនៈមកទីទួលសុវត្ថិភាព នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។