សម្ដេច ម៉ែន សំអន ៖ សូមរណសិរ្សខេត្ត អនុវត្តការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព

ខេត្តស្ទឹងត្រែង៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង នាព្រឹក ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា « បណ្ដុំ នៃភារកិច្ចមួយ ក្នុងចំណោមបណ្ដុំ នៃភារកិច្ចស្នូលរបស់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត គ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តនោះគឺ ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការ កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ » ។

បន្ថែមពីលើនេះទៅ ដែលក៏ជាអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដចកិត្តិសង្គហបណ្ឌិត បានស្នើ គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តគ្រប់ជាន់ថ្នាក់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុម នៃសង្គម និងការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាព នៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស បន្តអប់រំ បំផុសចលនា បញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ឱ្យបានជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្ដុំកម្លាំងមហាជន ពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ។

សម្ដចកិត្តិសង្គហបណ្ឌិត បានបន្តថា សូមគណៈកម្មាធិការរណសិរ្សខេត្ត ចូលរួមតស៊ូប្តូរផ្តាច់ ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីភាពជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជន ឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហា នៃយើង ពង្រឹង និងថែរក្សាឱ្យបានរឹងមាំ នូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈគោលជំហរ និងនយោបាយសតិអារម្មណ៍ តាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី ។

គួររំឭក និងជម្រាបជូនថា ដោយមានគោលការណ៍ ១១ ចំណុច ជាស្នូល ដែលត្រូវបានប្រកាសនៅថ្ងៃបង្កើតរណសិរ្សនេះឡើង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅនាភូមិជើងឃ្លូ ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាវិមានអនុស្សាវរីយ៍រណសិរ្ស ២ ធ្នូ នាពេលបច្ចុប្បន្ននេះ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានក្លាយជាអង្គការចាត់តាំងមហាជន ឈានមុខមួយរបស់សង្គម រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយផ្អែកលើស្មារតីឯករាជ្យជាតិ ដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃ រួមទាំងគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់ក្រៅប្រទេសផង ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ហើយគោលការណ៍ស្នូលរបស់ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ។

ឆ្លៀតក្នុងឱកាសដែលមានអ្នកចូលរួមប្រមាណជា ២៨០ អង្គ/នាក់ នោះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងផងដែរអំពីមូលហេតុដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់គម្រោង CLV និងកិច្ចការដែលត្រូវធ្វើបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close