បាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង១លើក រវាងម៉ូតូកង់បីឥណ្ឌា និង ម៉ូតូហុងដាឌ្រីមបណ្តាលអោយយុវជនម្នាក់បាក់ភ្លៅ របួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា៖មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AJ-0429 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈកំពុងមានភ្លៀងរលឹម លុះបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញ ម៉ូតូកង់បីឥណ្ឌា ពណ៌ស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HW-8664 បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បត់ឆ្វេង ក៍បុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយខូចម៉ូតូផ្នែកខាងមុខ និងជនរងគ្រោះ ជាម្ចាស់ម៉ូតូឌ្រីម បាក់ភ្លៅខាងស្តាំ សន្លប់ស្ងាត់មាត់ឈឹង។
បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចុះទៅដល់ទីតាំងកើតហេតុខាងលើដើម្បីធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ចំណែកម៉ូតូជនរងគ្រោះ និង ម៉ូកង់បី ត្រូវបាននគរបាលជំនាញយកទៅរក្សារទុកបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ សុខ កុសល