មានការផ្សាយចោទប្រកាន់ថា មន្ត្រី កងរាជអាវុធហត្ថខណ្ឌចំការមន ឈ្មោះ ណុប បានលួចបង្កើតល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កងរាជអាវុធហត្ថសូមប្រកាសព័ត៌មានជូនសាធារណជនជ្រាបអំពីលទ្ធផលស្រាវជ្រាវករណី នៃការផ្សព្វផ្សាយតាមបណ្តាញសង្គម អំពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន ឈ្មោះ ណុប បានលួចបង្កើតល្បែងស៊ីសងខុសច្បាប់ ដូចតទៅ៖

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកចំនួនពីរ (គណនីឈ្មោះ Pheng Vannak និងគណនី ឈ្មោះ ផែង វណ្ណៈ) បានបង្ហោះព័ត៌មានក្នុងពេលដំណាលគ្នា នូវអត្ថបទដែលមានខ្លឹមសារថា៖ “ពិតអត់សូមមេត្តាបំភ្លឺផង! ប្រជាពលរដ្ឋនៅសង្កាត់បឹងត្របែកបានផ្ញើសារមកអោយជួយផ្សាយ ព័ត៌មាន អំពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន ឈ្មោះ ណុប បានលួចបង្កើតល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅ ផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ជាប់ហាងសាច់អាំង បំប៉ីស បឹងត្របែក។ ចំណុចពិសេសនោះគឺ លោកណុបដើរចាប់គេពេញក្នុងមូលដ្ឋានខណ្ឌ ចំការមន តែកន្លែងគាត់ គ្មានអ្នកណាហ៊ានមកក្បែរទេ។ សូមមេកងរាជរាជអាវុធហត្ថចំការមនមេត្តាបំភ្លឺផង ជាពិសេស លោកអភិបាលខណ្ឌ មេត្តាពិនិត្យមើលផង កុំអោយត្រីងៀតឆ្លៀតពង។”

ក្រោយពេលឃើញការបង្ហោះនេះភ្លាម ជំនាញបានផ្ទៀងផ្ទាត់ទៅមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បញ្ជាក់ថា ព័ត៌មានខាងលើនេះ គឺមិនពិតទេ រីឯឈ្មោះ ណុប គឺជាសមាជិកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនពិតមែន ដែលមានឈ្មោះពេញ ប៉ិច ណុប ឋានន្តរស័ក្តិអនុសេនីយ៍ទោ តួនាទី ជំនួយការបញ្ជូនសារ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដោយបុគ្គលនេះ មិនមានបើកល្បែងស៊ីសងណាមួយឡើយ។

ក្រោយពីមានការបង្ហោះព័ត៌មានខាងលើ នៅវេលាម៉ោង១០:៣០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក ម៉ៅ បូណែត អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងដែលបានចុះផ្សាយខាងលើ ចំណុចផ្ទះលេខ៦៥ ស្ថិតផ្ទះលេខ៦៥ ផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួម៖
១- លោក វ.ត្រី នូ សំអាង នាយការិយាល័យអធិការកិច្ច អ.ហ រាជធានី
២- លោក អ.ឯក ជា ចន្ទី នាយរងការិយាល័យព្រហ្មទណ្ឌ អ.ហ រាជធានី
៣- លោក ហេង ទេពហ៊ អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
៤-លោក វ.ត្រី អ៊ួង សុខា មេបញ្ជាការរង អ.ហ ខណ្ឌចំការមន
៥- លោក អ.ឯក ហ៊ន គីមហេង មេបញ្ជាការរង អ.ហ ខណ្ឌចំការមន
៦- លោក វ.ត្រី សុខ រិទ្ធ អធិការរងនគរបាលខណ្ឌចំការមន
៧- លោក វ.ត្រី ហុង ចាន់ថេង នាយប៉ុស្ត៏នគរបាលសង្កាត់បឹងត្របែក
៨- លោក លាស់ សារុន ចៅសង្កាត់រងទី២ សង្កាត់បឹងត្របែក
៩- លោក ម៉ោញ សុខន ប្រធានភូមិ៨ សង្កាត់បឹងត្របែក
១០- លោកស្រី យិន ចន្ទី តំណាងអ្នកជួលឈឈ្មោះ តុន ប៉ុណ្ណាវុធ

ជាលទ្ធផល៖
– ក្រុមការងារចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា ទីតាំងនេះ ពុំមានបើកល្បែងស៊ីសង ដូចការចុះផ្សាយទេ។
– ក្រុមការងារបានពិនិត្យតាមជាន់ និងគ្រប់បន្ទប់នីមួយៗ ក៏រកពុំឃើញមានសម្ភារៈ ឬសកម្មភាពពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ នោះដែរ។
– នៅខាងមុខទីតាំងមានត្រឹមតែ លក់កាហ្វេនិងបាយពេលព្រឹកប៉ុណ្ណោះ។
– តាមការអះអាង អ្នកដែលមានវត្តមាននៅទីតាំងផ្ទាល់ បានប្រាប់ក្រុមការងារថា ទីតាំងខាងលើនេះពិតជាធ្លាប់ បានបើកល្បែងស៊ីសងពិតមែន តែត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ចុះបង្ក្រាប កាលពីកំឡុងឆ្នាំ២០២២ រួចមកហើយ។

ស្ថានភាពទីតាំង៖
ជាប្រភេទផ្ទះ ០២ល្វែងជាប់គ្នា មានកម្ពស់ចំនួន ០២ជាន់ ដែលជាន់ផ្ទាល់ដី មានចំនួន ០២បន្ទប់ (ជាបន្ទប់ទំនេរ) និងជាន់ទី១ មានចំនួន ០២បន្ទប់ (បន្ទប់មួយសម្រាប់ស្នាក់នៅ និងបន្ទប់មួយទៀតជាបន្ទប់ទំនេរ)។ ទីតាំងនេះ មានម្ចាស់កម្មសិទ្ធឈ្មោះ ស៊ុន វណ្ណធឿន ភេទប្រុស កើតឆ្នាំ១៩៥៨ ទើបតែជួលបាន ០៤ខែ ឲ្យទៅឈ្មោះ តុន ប៉ុណ្ណាវុធ ភេទប្រុស កើតឆ្នាំ១៩៦៨ តាមកិច្ចសន្យាជួលចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានបញ្ជាក់មេភូមិ៨ និង មានប្រថាប់ត្រាដោយចៅសង្កាត់បឹងត្របែកផងដែរ។ ក្រុមការងារបានទាក់ទងទៅម្ចាស់ទីតាំង ឈ្មោះ ស៊ុន វណ្ណធឿន តាមទូរស័ព្ទបានជួបជាមួយភរិយា បញ្ជាក់ថាកំពុងធ្វើបុណ្យសពស្វាមីគាត់។ ក្រុមការងារបានណែនាំ ដល់លោកស្រី យិន ចន្ធី តំណាងអ្នកជួល មិនអនុញ្ញាតឲ្យយកទីតាំងនេះ ប្រកបល្បែងស៊ីសង ជួញដូរគ្រឿងញៀន ជួញដូរផ្លូវភេទ ឬប្រព្រឹត្តអំពើខុសច្បាប់ផ្សេងជាដាច់ខាត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមេត្តាជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close