ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកបាធាយ ស្ថិតនៅសាលាស្រុកបាធាយ។
លោក អូត ឈាងលី អតីតអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ ជំនួស លោក ផេន សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ដែលត្រូវបានទទួលតំណែងថ្មី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ លោកអភិបាលស្រុកបាធាយថ្មី ដែលទើបតែ ផ្លាស់ប្ដូរមកពី អភិបាលស្រុកជេីងព្រៃ ត្រូវដឹកនាំតាមបែបសិល្បៈឲ្យមន្ត្រីក្រោមឱវាទ គឺត្រូវឱ្យមន្ត្រីចេះធ្វើការ ចេះសម្រេចចិត្ត ហេីយឱ្យមានសិទ្ធិសម្រេច និងត្រូវឱ្យមន្ត្រីមានធនធាន រួមទាំងមធ្យោបាយសម្រាប់ធ្វើការផងដែរ ការថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំងលោក អូត ឈាងលី ជា អភិបាល នៃគណៈអភិបាលស្រុកបាធាយ ជំនួស លោក ផេន សុផល ដែលត្រូវទទួលតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា ការផ្លាស់ប្ដូរ និងការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមព្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ពោលគឺមិនមែនដោយសារបញ្ហាប្រឈម ដែលត្រូវផ្លាស់ប្ដូរនោះទេ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយផ្អែកទៅតាមច្បាប់គ្រប់គ្រងក្រុមព្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ គឺត្រូវបានកំណត់សម្រាប់គណៈអភិបាល ដែលម្នាក់ៗត្រូវមានអាណត្តិ៤ឆ្នាំ ប៉ុន្តែបើផ្អែកលើការបំពេញភារកិច្ចបានល្អ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អាចនឹងបន្តអាណត្តិទី២ ឲ្យគាត់ជាបន្តទៀត ដោយផ្តេីមចេញពីច្បាប់នេះហើយ ដែលយើងបានឃើញថាមន្ត្រីរបស់យើង ពិសេសនៅក្នុងគណៈអភិបាល ត្រូវតែធ្វើការផ្លាស់ប្ដូរជាបន្តបន្ទាប់ ប៉ុន្តែបេីត្រូវនៅបន្តអាណត្តិទៀតនោះ ក៏ត្រូវមានការប្រកាសតែងតាំងឲ្យកាន់អាណត្តិទី២ របស់ខ្លួន៤ឆ្នាំបន្តទៀត ទាំងនេះដែលជាច្បាប់យើងមិនអាចធ្វើផ្ទុយបានឡើយ។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកបាធាយទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះ លោកអភិបាលស្រុកបាធាយថ្មី ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួន កំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្តេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការ អនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ ៕





