ម្ចាស់សង្វៀន បញ្ជល់មាន់ កាសុីណូ យ៉ុងយ័ន យកក្បាលម៉ៃក្រូហ្វូន វាយក្បាល អ្នកកត់បុងមាន់ជល់ របួសធ្ងន់

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ CPN News, គេហទំព័រ សៀមរាបថ្មី និងបណ្តាញសារព័ត៌មានមួយចំនួន បានចុះផ្សាយពាក់ព័ន្ធសង្វៀនបញ្ជល់មាន់ ក្នុងកាស៊ីណូយ៉ុងយ័ន នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំងដោយមានករណីហិង្សារវាងមេការនិងអ្នកលេងល្បែង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវពិតជាមាន ករណីហិង្សាកើតឡើងដូចការចុះផ្សាយប្រាកដមែន ៖

ករណី៖ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កេីតហេតុ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១១ និង ២០នាទី  នៅសង្វៀនបញ្ជល់មាន់ ក្នុងកាសុីណូយ៉ុងយ័ន ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនរងគ្រោះ ម្នាក់  ឈ្មោះ ស្រ៊ុន សាមានហៅ (ប្រេសុីល) ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកកត់បុងមាន់ជល់ (បៀង) របួសក្បាល ។

ជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ សេង រតនះ ហៅណាក់ ភេទប្រុស ជនជាតិខ្មែរ (គេចខ្លួន) ជនបង្ក មុខរបរ ម្ចាស់សង្វៀនបញ្ជល់មាន់។

២-ឈ្មោះ វ៉េត ជីម៉េង ភេទប្រុស អាយុ៤២ឆ្នាំ (គេចខ្លួន) មុខរបរ អ្នកគ្រប់គ្រងសង្វៀនបញ្ជល់មាន់។

យោងតាមបណ្តាញសារព័ត៌មាន ចុះថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះវីដេអូ សកម្មភាព ជនសង្ស័យប្រព្រឹត្តអំពេីហិង្សាទៅលេីជនរងគ្រោះ នៅក្នុងសង្វៀនបញ្ជល់មាន់ ក្នុងកាសុីណូយ៉ុងយ័ន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១១ និង២០នាទី ដោយជនសង្ស័យ បានយកក្បាលម៉ៃក្រូហ្វូន វាយក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកេីតហេតុជនរងគ្រោះមិនបានមកពាក្យបណ្តឹងទេ គឺត្រូវបានអ្នកធ្វេីការជាមួយគ្នាដឹកយកទៅពេទ្យសម្រាកព្យាបាល ចំណែកឯជនសង្ស័យគឺបានគេចខ្លួន។

ចំពោះករណីខាងលេីនេះ កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ ដើម្បីអនុវត្ដតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព៏ត៌មានជ្រាប!

អត្ថបទដែលជាប់ទាក់ទង
Open

Close