អភិបាលខេត្តកណ្ដាល ណែនាំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកពញាឮ ត្រូវដោះស្រាយ ជាបន្ទាន់ករណីផ្គត់ផ្គង់ទឹក មិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់
ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកពញាឮ ត្រូវដោះស្រាយជាបន្ទាន់ ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម។ ជាមួយគ្នានេះ ត្រូវខិតខំពន្លឿន ការតបណ្ដាញទឹកស្អាត ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស នៅតំបន់ដែលខ្លួន ទទួលបានសិទ្ធ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនទាន់មានទឹក ប្រើប្រាស់គ្រប់គ្រាន់ ។
ឯកឧត្ដម អភិបាលខេត្ត ណែនាំដូច្នេះ ខណៈដែល ឯកឧត្តម ដឹកនាំកិច្ចប្រជុំ ជាមួយ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត នៅស្រុកពញាឮ នៅរសៀលថ្ងៃទី៦កញ្ញានេះ។
ចំពោះការងារចម្បង ចំពោះមុខ
ឯកឧត្តមអភិបាលខេត្ត បានណែនាំ ឱ្យក្រុមហ៊ុនទឹកស្អាត ត្រូវយកចិត្តទុកដាក់គិតគូរ ទៅលើការងារតបណ្ដាទឹករង ឱ្យបានច្រើន ដើម្បីធ្វើការតភ្ជាប់ ទៅបណ្ដាញមេ រួចបញ្ជូនទឹកស្អាត ចូលដល់ផ្ទះប្រជាពលរដ្ឋ តែម្ដង។
ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំផងដែរ ឱ្យអាជ្ញាធរ មន្ទីរជំនាញ ត្រូវដឹកនាំ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងស្រុក ទៅមើលតាមគោលដៅ ភូមិ-ឃុំ ដែលកំពុងតែជួបការខ្វះខាត ទឹកស្អាត ប្រើប្រាស់ដោយផ្ទាល់ ដើម្បីឱ្យក្រុមហ៊ុនសម្រេចចិត្ត ពង្រីកសេវា របស់ខ្លួន នៅទីតាំងទាំងនោះថា៖ បានឬមិនបានយ៉ាងណា ត្រូវរួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះហើយក្រុមហ៊ុនទាំងអស់ ត្រូវធ្វើផែនទីស្តីពីផ្តត់ផ្គងទឹក របស់ខ្លួន ឱ្យបានច្បាស់ លាស់ រួមទាំង មានវឌ្ឍនៈភាពការងារ ពីព្រោះ ឯកឧត្តមនឹងជួបប្រជុំ ជាមួយក្រុមហ៊ុន រៀងរាល់ ១ខែម្ដង ដើម្បីត្រួតពិនិត្យការងារ ជាមួយម្ចាស់ក្រុមហ៊ុន និងអ្នកបច្ចេកទេសផ្ទាល់ សំដៅធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងស្រុកទទួលបាន ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៅកាន់ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថា៖ទឹកស្អាត គឺជារឿងសំខាន់ណាស់ គឺជាអាទិភាពគន្លឹះទី៣ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ រួមមាន៖ « «មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា» ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ប្រការនេះ ម្ចាស់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ខ្ពស់ ពីព្រោះស្ថិតក្នុងសម័យនេះហើយ មិនត្រូវធ្វើឱ្យប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើ ឬប្រើប្រាស់ទឹកកខ្វក់ ទៀតឡើយ។
សូមជម្រាបថា៖ ចំពោះស្ថានភាពការប្រើប្រាស់ទឹកស្អាត នៅតាមភូមិឃុំ ក្នុងស្រុកពញាឮ ពិនិត្យ ឃើញថា ៖ភូមិ ឃុំ មានទឹកប្រើប្រាស់តែទឹកមិនសូវមានគុណភាព ទឹកចេញតិច មិនគ្រប់គ្រាន់តាមតម្រូវការ មានចំនួន ៨២ភូមិក្នុងចំណោម១១ឃុំ។ចំពោះ ភូមិ-ឃុំ មិនទាន់តបណ្តាញ ទឹកចូលដល់ មានចំនួន ២៨ភូមិក្នុងចំណោម ៦ឃុំ ក្នុងនោះក្រុមហ៊ុនទឹកស្អាតសន្យា និងតបណ្តាញទឹក ចូលដល់ភូមិ ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ដោយឡែកចំពោះភូមិ-ឃុំ ដែលមិនទាន់មាន អាជ្ញាប័ត្រចូលដល់ នៅសល់ ចំនួន ១៤ភូមិក្នុងចំណោម ៣ឃុំ៕
ប្រភព៖ ក្រុមព័ត៌មានខេត្ត