មន្រ្តីជំនាញ ក.ប.ប ខេត្តតាកែវ បង្ហាញថា ពលរដ្ឋស្លា.ប់ ៣នាក់ និងម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យ គឺពិតជាពុលស្រាថ្នាំ ពិតប្រាកដមែន
ខេត្តតាកែវ៖ ទីតាំងផលិតស្រាថ្នាំ មួយកន្លែងស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវកម្លាំងមន្រ្តីជំនាញស៊ើបអង្កេត ក.ប.ប. ចុះត្រួតពិនិត្យបន្ទាប់ពីទទួលព័ត៍មានថាមានករណីពុលស្រា និងដេីម្បីទប់ស្កាត់ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតនាពេលកន្លងមកផងដែរ។
យោងតាមការបញ្ជាក់ពី លោក លៀង សុភា ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ថាមានករណីពុលស្រាថ្នាំ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ សហកាជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរពត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ក្នុងករណីសង្ស័យពុលស្រាថ្នាំ ដែលស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
លោក លៀង សុភា បានបន្តថា ក្រោយមន្រ្តីជំនាញបានយកសំណាកទៅពិនិត្យ ពិសោធន៍ និងវិភាគ គឺលទ្ធផល ស្រាថ្នាំនោះមានជាតិ មេតាណុលក្នុងស្រា មានកម្រិត ១៥% ប្រសិនយើងពិសារចាប់ពី ៦៦០ មីលីលីតឡើងទៅ គឺអាចស្លាប់បាន ។
គួរតម្លឹកដែរថា ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតមានជាយថាហេតុ បើទោះបីជាមន្រ្តីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនជាម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំយ៉ាងណាក៏ដោយ។
កន្លងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្ល «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅតាមបណ្ដាខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយធ្វើការអញ្ជើញម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំ ក្នុងខេត្តចូលរួមផងដែរ៕