ខេត្តកណ្តាល៖ តាមរយៈសំណេរលើហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ សីហា ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបង្ហោះថា «ពាក្យថា ទឹកស្អាត គឺត្រូវមានគុណភាពល្អ មិនមែនបូមទឹកទន្លេលក់ទេ »។
ដោយឡែក បើយោងតាម លិខិតរបស់ រដ្ឋបាលខេត្តកណ្តាល ជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ស្តីពីការព្រមានទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង និង ក្រុងតាខ្មៅ។
យោង ៖ ប្រកាសលេខ ០៩២ MIH/២០១៩ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់ អាជីវកម្មទឹកស្អាតជ្រាបថា រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើន ពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្គត់ផ្គង់ទឹក ស្អាតមិនមានគុណភាព ស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លង មកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូត មកដល់បច្ចុប្បន្ន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្ត កាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយ ទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន។