ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានព្រមានចាត់វិធានការយ៉ាងតឹងរឹងចំពោះជនល្មើសទាក់ទងនឹងបទល្មើលនេសាទខុសច្បាប់។ ការលើកឡើងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត. ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត. ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត. លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលផ្ទុយពីការណែនាំរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មានដូចជាស្បៃមុង..បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតនូវទិន្នផលមច្ឆជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាពិសេសក្នុងរដូវបិតនេសាទនេះ។
លោកអភិបាលខេត្ត ក៏បានជំរុញមន្ត្រីជលផលគ្រប់លំដាប់ថ្នាក់ក៏ដូចជាអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន សូមបន្តអប់រំផ្សព្វផ្សាយ ទៅដល់បងប្អូនប្រជានេសាទ អំពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសបន្តយកចិត្តទុកដាក់សហការគ្នា ចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួត ពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការតាមដានស្ថានភាពប្រជាសាស្ត្រ និងភូមិសាស្ត្រជលផលឱ្យបានច្បាស់លាស់ ដើម្បីក្តាប់អោយបាននូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទទាំងអស់នោះ ដើម្បីចាប់ឃាត់ខ្លួន កសាងសុំណុំរឿង បញ្ជូនទៅតុលារ ចាត់ការទៅតាមនិតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានលើកយករបៀបវារៈចំនួន ៨ សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី០៣អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០២ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី០១ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំ ខែកក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាល ខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី គម្រោងចំណូល-ចំណាយថវិកា របស់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកភារកិច្ចជូន សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ចាម។
៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្ម និងសេចក្តីព្រាងសេចក្តីសម្រេចស្ដីពី ការបង្កើត លេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកំពង់ចាម។
៨-បញ្ហាផ្សេងៗ។