ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈរាស្ដ្រ និងត្រៀមខ្លួនគ្រប់កាលទេសៈក្នុងការរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នា២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរៀបចំកិច្ចប្រជុំ ការផ្សព្វផ្សាយការងារសន្តិសុខ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋាន និងមានការចូលរួមពី លោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងនាយផ្នែកទាំងអស់ចំណុះនាយកដ្ឋាន។
នៅក្នុងដំណើរការនៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានលើកអំពីស្ថានភាពនៃការងារសន្តិសុខនាពេលបច្ចុប្បន្ន និងបានធ្វើការថ្កោលទោសចំពោះ សកម្មភាព ឬ ចលនានានា ក្នុងគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមជ្រុលនិយម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម ព្រមទាំងបានប្រកាសឱ្យកម្លាំងត្រៀម ដើម្បីទប់ស្កាត់ចលនាខាងលើ និងណែនាំឱ្យកម្លាំងទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋអំពីទោសទណ្ឌ និងភាពអវិជ្ជមាននូវការចូលរួមសកម្មភាព ឬចលនាខាងលើ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈរាស្ដ្រ និងត្រៀមខ្លួនគ្រប់កាលទេសៈក្នុងការរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម៕