ខេត្តពោធិ៍សាត់៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសមុខតំណែង អភិបាលរងខេត្តពោធិ៍សាត់, ដោយ លោក ហេង សុភាណា ជំនួស ឯកឧត្តម ចេង ឡៃ ដែលត្រូវទទួលតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្ត។
ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ប្រតិភូថ្នាក់ជាតិ, តំណាងសាលាដំបូងខេត្ត, មន្ទីរអង្គភាពនានាជុំវិញខេត្ត, អភិបាលក្រុង/ស្រុកទាំង៧, ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង៤៩, កងកម្លាំប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូបទៀត។
គួរជម្រាបជូនថា យោងអនុក្រឹត្យ លេខ៨០៩ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានតែងតាំង លោក ហេង សុភាណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលស្រុកភ្នំក្រវាញ ឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់។ ចំពោះបទពិសោធន៍ការងារ របស់លោក ហេង សុភាណា ជាគ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន កណ្តៀង (ឆ្នាំ២០០១), ជាគ្រូបង្រៀនវិទ្យាល័យពោធិ៍សាត់ (ឆ្នាំ២០០៥), ជាបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត (ឆ្នាំ២០០៩), ជាប្រធានការិយាល័យសាលាខេត្ត (ឆ្នាំ២០១០), ជានាយករងទីចាត់ការសាលាខេត្ត (ឆ្នាំ២០១២), ជានាយកទីចាត់ការសាលាខេត្ត (ឆ្នាំ២០១៣), ជានាយករដ្ឋបាលសាលាខេត្ត (ឆ្នាំ២០១៤), ជាអភិបាលស្រុកវាលវែង (ឆ្នាំ២០១៤), ជាអភិបាលស្រុកភ្នំក្រវាញ (ឆ្នាំ២០២១) រហូតក្លាយជាអភិបាលរងខេត្តពោធិ៍សាត់ នាពេលបច្ចុប្បន្ន៕