នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បញ្ជូនជនសង្ស័យបីនាក់ (ចិនពីរនាក់) ទៅតុលាការ ពាក់ព័ន្ធបទល្មើសនាំចូល ចែកចាយ អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ និងសម្ភារបរិក្ខាពេទ្យខុសច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 14 ខែសីហាឆ្នាំ 2024 សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យ ចំនួន 3 នាក់ (ចិន2នាក់) ពាក់ព័ន្ធករណីនាំចូល ចែកចាយ ផលិតផលអំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ ដែលសមត្ថកិច្ចជំនាញកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រចាំបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប កាលពីថ្ងៃទី 12 និង13 ខែសីហាឆ្នាំ 2024 នៅឱសថស្ថានបីកន្លែងក្នុងសង្កាត់អូឡាំពិក និងទីតាំងស្តុក នៅសង្កាត់ផ្សារដេប៉ូ ២ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការរយៈពេល2ថ្ងៃនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖ អំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Johnson & Johnson សរុបចំនួន 4,495 ប្រអប់ រួមនឹងសម្ភារបរិក្ខារពេទ្យ ដែលគ្មានច្បាប់ជាច្រើនប្រភេទថែមទៀត ។
សូមបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិក និងការស្រាវជ្រាវស៊ើបអង្កេត របស់សមត្ថកិច្ចជំនាញ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែងនៅពេលនេះ ហើយសម្ភារៈវត្ថុតាងទាំងអស់ត្រូវបានដកហូតជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close