លើកដៃ សំពះសុំទោស អភិបាល និង ស្នងការខេត្ត ក្រោយផ្សាយ ព័ត៌មានមិនពិត

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនទៅនឹងគេហទំព័រ SSBTV News បានចុះផ្សាយនៅថ្ងៃទី០៨,០៩,១០ ខែសីហា ឆ្នាំ២០២៤ មានខ្លឹមសារថា លោកវរសេនីយ៍ត្រី ហាក់ សុធិន មិនអើពើពីបទបញ្ជារបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដោយមានល្បែងស៊ីសង នៅតែដំណើរការ នៅក្នុងសង្កាត់ស្វាយរលំ។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច កម្លាំងជំនាញក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ស្រាវជ្រាវពីប្រភពរូបភាព និងខ្លឹមសារដែលបានបង្ហោះផ្សព្វផ្សាយឃើញថាជារូបភាពចាស់មិនមែនរូបភាពល្បែងស៊ីសងនៅក្នុងសង្កាត់ស្វាយរលំ នោះទេ។

ជាក់ស្តែងនៅរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក សូរ សំបូរ ដែលជាចាងហ្វាង គេហទំព័រ SSBTV News បានចេញវីដេអូឃ្លីប សុំទោសជាសាធារណៈ ពិសេសដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលបានផ្សាយពាក់ព័ន្ធល្បែងស៊ីសង នៅក្នុងសង្កាត់ស្វាយរលំ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ គឺប្រភពព័ត៌មាន ផ្តល់ឱ្យមានការខ្វះខាត ធ្វើឱ្យការផ្សព្វផ្សាយព័ត៌មាននេះ ចោទប្រកាន់ និងប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ក្រុង លោក ហាក់ សុធិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ និងលោក ហេង ភាណុច ដែលត្រូវជាប្អូនថ្លៃលោក ហាក់ សុធិន ដោយសុំធ្វើការកែតម្រូវបកស្រាយវិញថា ការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពខាងលើនោះ គឺពុំមានប្រភពច្បាស់លាស់ទេ ដូច្នេះសូមសាធារណជនកុំមានការភាន់ច្រឡំ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាជ្រាប។

អត្ថបទដែលជាប់ទាក់ទង
Open

Close