ឯកឧត្តម ខៀវ កាញារីទ្ធ ៖ អ្នកធំ ជាភ្លើង ?

ភ្នំពេញ៖ តាមរយ:សំណេរ នៅលើបណ្តាញសង្គម ឯកឧត្តម ខៀវ កាញារីទ្ធ អតីត រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះនៅថ្ងៃទី១២ សីហា ២០២៤ ថា
អ្នកធំជាភ្លើង ?
មិត្តមួយចំនួនអោយយោបល់ខ្ញុំថា ប្រការដែលខ្ញុំនិយាយក្នុងសម្ភាសន៍មួយថា «អ្នកធំជាភ្លើង»យ៉ាងនេះមិនត្រឹមត្រូវទេ ព្រោះអ្នកធំត្រូវតែជា ម្លប់ ផ្តល់សេចក្តីសុខដល់អ្នកតូចតាចវិញទើបសមស្របជាង ។ ខ្ញុំមិនប្រកែកប្រណាំងនឹងមតិនេះទេ តែការលើកយកមតិខ្ញុំនិយាយពីស្ថានភាពសង្គមកម្ពុជានៅទសវត្សរ៍ ៨០ យកមកដាក់ក្នុងបរិបទសតវត្សរ៍ទី ២១ មិនខុសអ្វីពីការទិះតៀនត្រីក្រាញ់មិនចេះឡើងដើមអំពិលបេះត្រួយយ៉ាងដូចនោះដែរ ។
សភាពការណ៍សង្គមកម្ពុជាក្រោយឆ្នាំ ១៩៧៩ គឺជាស្ថានភាពបដិវត្តន៍មួយដែលគួរត្រូវបានចងក្រងទុកក្នុងមេរៀនប្រវត្តិសាស្ត្រមនុស្សជាតិ ។ នេះជា ស្ថានភាពនៃប្រទេសមួយដែលចេញពីផេះផង់ គ្មានធនធានមនុស្ស សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ រហូតកោសិកាគ្រួសារក៏ត្រូវវិនាសហិនហោច ទន្ទឹមនឹងគ្រោះវិលត្រលប់របស់ខ្មែរក្រហមផង ការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់លោកខាងលិចផង ។ បដិវត្តន៍នៅប្រទេសអាមេរិកមានវ៉ាសុីនតោន នៅរុស្សុីមានលេនីន នៅចិនមានម៉ៅសេទុង នៅវៀតណាមមានហូជីមិញ ពោលគឺមានអ្នកគូសវាសយុទ្ធសាស្ត្រ ឬ យ៉ាងហោចណាស់ក៏ជាគោមពន្លឺមួយសម្រាប់ទាំងអស់គ្នាផ្តោតក្នុងទីងងឹតដែរ ។ បដិវត្តន៍កម្ពុជាក្រោយឆ្នាំ ១៩៧៩ មិនមានស្ថានភាពបែបនេះទេ ។ យើងអាចចែកចេញជា ៣ ក្រុមធំៗ គឺក្រុមអ្នកតស៊ូក្នុងប្រទេស ក្រុមមកពីភាគខាងជើងវៀតណាម និង ក្រុមបញ្ញវន្ត ។ តែបើពិនិត្យអោយល្អិតថែមទៀត ក្រុមអ្នកតស៊ូក្នុងប្រទេសមានចែកតាមតំបន់ : បូព៌ា ពាយព្យ ឦសាន កោះកុង … ហើយនៅជជែកគ្នានៅឡើយថាតើក្រុមរត់ចេញពីប៉ុលពតមុន ៧៧ ជាក្រុមបដិវត្តន៍ពិតប្រាកដ ( ឬក្រុមក្បត់ ) ឬ ក៏ជាក្រុមដែលងើបប្រឆាំងក្រោយ ១៩៧៧ ? នៅតាមខេត្ត ទំនាស់មានស្ទើរគ្រប់កន្លែងរវាងលេខាបក្សខេត្ត និង ប្រធានគណកម្មាធិការខេត្ត ។ និយាយរួម សម័យនោះជាសម័យនៃសំនួរដែលថា «អ្នកណាមានសិទ្ធិធំជាងអ្នកណា ?» ។
ប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុតគឺនៅថ្នាក់លើដែលមាន ប៉ែន សុវណ្ណ ជាអគ្គលេខាគណបក្ស ។ លោក ប៉ែន សុវណ្ណ ជាមនុស្សមកពីភាគខាងជើងវៀតណាម និង ត្រូវវៀតណាមតែងតាំងជាអគ្គលេខាធិការបក្ស ។ ប៉ុន្តែលោក ប៉ែន សុវណ្ណ មិនមានអ្នកគាំទ្រច្រើនទេនៅក្នុងបក្ស ព្រោះលោកមិនទាន់បង្ហាញស្នាដៃធំដុំក្នុងជីវិតរបស់លោក ។ អ្នកដែលមានឥទ្ធិពលនៅពេលនោះ គឺ លោក ហ៊ុនសែន លោក ហេង សំរិន លោក ជាសុីម លោក អ៊ុក ប៊ុនឈឿន លោក ប៊ូ ថង លោក សាយ ប៊ូថង ដែលជាមេចលនាធំនៅតាមតំបន់នីមួយៗក្នុងផ្ទៃកម្ពុជា ។ ហេតុនេះ ចំពោះលោក ប៉ែន សុវណ្ណ ច្រកផ្លូវសម្រាប់កសាងកម្លាំងគឺមានទិសតែមួយដែលនៅសល់ ពោលគឺក្រុមបញ្ញវន្ត ។ តែដើម្បីទទួលបានការគាំទ្ររបស់បញ្ញវន្តលោកត្រូវប្រើគន្លឹះតែមួយគត់ដើម្បីអូសទាញ ពោលគឺបង្ហាញជំហរជាតិនិយមប្រឆាំងវៀតណាមដែលជាថ្នាំទិព្វងាយអូសទាញបញ្ញវន្តខ្មែរ ។
តាមរយៈនេះ លោកប្រឹងអូសទាញបញ្ញវន្តខ្មែរចូលក្នុងជួរដឹកនាំដើម្បីបន្សាបឥទ្ធិពលអ្នកតស៊ូក្នុងស្រុក តាមបែប«អូសមាន់ព្រៃកម្ចាយមាន់ស្រុក» ។
ដោយមើលឃើញពីបញ្ហានេះហើយ បានជាខ្ញុំមិនបានចូលខ្លួនទៅក្នុងរង្វង់ល្បែងនេះ ហើយទើបខ្ញុំនិយាយថា «ចំពោះខ្ញុំ អ្នកធំជាភ្លើង» ។
ខ្ញុំនិយាយថា «ចំពោះខ្ញុំ» ពីព្រោះអ្នកខ្លះសារជាតិគេជាដីអិដ្ឋកៅឡាំង កាន់តែនៅជិតភ្លើង កាន់តែល្អក្លាយជាភាជន៍ចរណៃ តែ«ចំពោះខ្ញុំ»ដែលជាសារធាតុស្មៅចិញ្ចៀនកាន់តែជិតភ្លើងកាន់តែរួញ !
នេះជាអ្វីនៅពីក្រោយពាក្យ «អ្នកធំជាភ្លើង»
ប្រភព ៖ Kanharith Khieu

អត្ថបទដែលជាប់ទាក់ទង
Open

Close