រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងរស់នៅក្រៅប្រទេស សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លេីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)
ខេត្តរតនគិរី៖ ខេត្តរតនគិរី ស្ថិតនៅភូមិភាគឦសាន នៃព្រះរាជាណចក្រកម្ពុជា ជាខេត្តទី៩ ទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីធ្លារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្តរតនគិរី ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ អង្គការដៃគូរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ១៥០០នាក់។
ក្នុងពិធីដ៏អធិកអធមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ក៏ដូចជាសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី ដែលសមិទ្ធិផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ដែលមានសម្ដេចអគមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្ថាបនិក និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានដែលប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍បានដាក់ចេញនៅអទិភាពគន្លឹះចំនួន៤ ដែលរួមមានៈ (១) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវត្ត និងគមនាគមន៍, (២) ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, (៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង(៤) ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។ អទិភាពទាំង ៤ ខាងលើនេះគឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឲ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ឯកឧត្តរដ្ឋមន្ត្រីក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដជួយគាំទ្រ និងសហការណ៍ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅរបស់ក្រសួងក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ អោយបានអត្រាគ្របដណ្តប់ ១០០% នៅទូទាំងប្រទេសក្នុងឆ្នាំ២០៣០។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងរស់នៅក្រៅប្រទេស សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លេីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា។
គួរជម្រាបជូនផងដែរថា៖ ខេត្តរតនគិរីជាខេត្តទី៩ ហើយដែលបានធ្វើពិធីប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយកន្លងមកមានខេត្តចំនួន៨ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។ លើសពីនេះ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន ៤ ថ្មីបន្ថែមទៀត នឹងទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដែលធ្វើឱ្យចំនួនខេត្ត ODF កើនរហូតដល់ចំនួន ១៣ ខេត្ត ក្នុងចំណោម ២៥ រាជធានី ខេត្ត នៅទូទាំងប្រទេស៕