អ្នកនាំពាក្យ ច្រានចោលការផ្សាយ “អាងខ្លួនប៉េអឹមក្រុង ដើរបើកល្បែងសុីសងខុសច្បាប់ (ឡូតូ) ត្រូវកម្លាំងខណ្ឌកំបូលឃាត់ខ្លួនទាំង២នាក់…”
ភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្នុងរយៈពេល៣ថ្ងៃនេះ កងរាជអាវុធហត្ថ បានតាមដានដោយយកចិត្តទុកដាក់ពាក់ព័ន្ធនឹងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយថា “អាងខ្លួនប៉េអឹមក្រុង ដើរបើកល្បែងសុីសងខុសច្បាប់ (ឡូតូ) ត្រូវកម្លាំងខណ្ឌកំបូលឃាត់ខ្លួនទាំង២នាក់…”។
យោងតាមរការផ្ទៀងផ្ទាត់របស់ជំនាញការិយាល័យបុគ្គលិក ស្នងការដ្ឋានកសាងកម្លាំងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មិនមានឈ្មោះស្តិតនៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។
ដំណើររឿងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៥និង០០នាទី កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក គង់ ចាន់សុភារី ជាអភិបាលរងខណ្ឌកំបូល បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ឡូតូ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ។ បុគ្គលឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ បានផ្តល់ចម្លើយដល់មន្ត្រីនគរបាលថា មានមុខរបរជាកងរាជអាវុធហត្ថ ប៉ុន្តែបុគ្គលរូបនេះមិនមានឯកសារណាមួយបញ្ជាក់នោះទេ។
ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនអ្នកសារព័ត៌មាន និងបុគ្គលដែលបានបង្ហោះផ្សព្វផ្សាយនូវព័ត៌មានខាងលើ សូមធ្វើការកែតម្រូវ ជូនសាធារណជនជ្រាប និងដើម្បីរក្សាបានកិត្តិយសរបស់កងរាជអាវុធហត្ថ។