ខេត្តកណ្តាល ៖ កាលពីថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមុខកំពូល បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមុខកំពូល។ ក្រោមអធិបតីភាពលោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល លោក ប្រធានក្រុមប្រឹក្សាស្រុក និងលោក អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង១៣ អភិបាលរងស្រុក នាយករដ្ឋបាល សាលាស្រុក អធិការនគរបាល មេបញ្ជាការផ្នែកសឹករងស្រុក មេឃុំ នាយប៉ុស្តិ៍រដ្ឋបាល ព្រមទាំងមន្រ្តីរាជការជុំវិញស្រុក មួយចំនួនទៀត។
បន្ទាប់ពីលោក នាយការិយាល័យបុគ្គលិក បានអានសេក្តីសម្រេច របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូលរួចមក។ លោក មេបញ្ជាការ ក៏បានមានប្រសាសន៍ ក្នុងនាមលោកជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សូមអបអរសាទរ និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។
ការប្រកាសផ្លាស់ប្តូរមុខតំណែង ជូននាយអាវុធហត្ថ នាពេលនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។