បិទហាង កាហ្វេ យីហោ សោភា កាហ្វេ (SORPHEA CAFE) នាំខ្លួន២នាក់ប្តីប្រពន្ធ ទៅប៉ុស្តិ៍

ភ្នំពេញ៖ ដោយអនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ក្រោមការបញ្ជាពី លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក គន់ ចាន់សុភារី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងហាង យីហោ ឈ្មោះ សោភា កាហ្វេ (SORPHEA CAFE) សង្ស័យមានបង្កប់ប៉ុស្ដិ៍សេវា ឆ្នោតឡូតូ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បន្ទាប់ពីបានចុះដល់ទីតាំងហាងខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានពិនិត្យឃើញថា ទីតាំងនេះមានលួចបង្កប់បើកឆ្នោតឡូតូ ពិតប្រាកដមែន។

ជាមួយគ្នានេះ កម្លាំងគណៈបញ្ជាការបានពិនិត្យឃើញមានសម្ភារៈមួយចំនួនដែលកំពុងដំណើរការឱ្យការចាក់ឆ្នោតឡូតូ រួមមាន៖ ម៉ូនីទ័រ ចំនួន ២គ្រឿង (តូច ១គ្រឿង និងធំ ១គ្រឿង), កុំព្យូទ័រ (Desktop) ចំនួន ០១គ្រឿង, ដុំសេវ៉ាអ៉ីនធើណេត ចំនួន ១គ្រឿង តុសម្រាប់ដាក់ទូរទស្សន៍ចំនួន ១ និងមនុស្សប្រុសចំនួន ១នាក់ និងស្ត្រីចំនួន ១នាក់ កំពុងអង្គុយរងចាំទទួលការចាក់ឆ្នោត ឡូតូ។

ជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានសម្រេចដូចខាងក្រោម:

១- បិទទីតាំងហាងយីហោឈ្មោះ សោភា កាហ្វេ (SORPHEA CAFE) ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់ហាង ឈ្មោះ ហួន ឌី និង ប្រពន្ធឈ្មោះ សោភា ចាប់ពីពេលនេះតទៅ។

២- ដកហូតសម្ភារៈមួយចំនួនដូចជា ម៉ូនីទ័រ ចំនួន ០២គ្រឿង (តូច ១គ្រឿង និងធំ ១គ្រឿង), កុំព្យូទ័រ (DESKTOP) ចំនួន ១គ្រឿង, ដុំសេវ៉ាអ៉ីនធើណែត ចំនួន ១គ្រឿង ប្រគល់ទៅឱ្យប៉ុស្ដិ៍នគរបាលសង្កាត់កន្ទោក ដើម្បីរក្សាទុក និងចាត់ចែងទៅតាមនីតិវិធីច្បាប់។

នាំយកបុរស ឈ្មោះ ហួន ឌី និងប្រពន្ធឈ្មោះ សោភា ជាម្ចាស់ទីតាំង មកសាកសួរនៅប៉ុស្ដិ៍នគរបាលសង្កាត់កន្ទោក ដើម្បីចាត់ចែងតាមនីតិវិធីបន្ដ។

អត្ថបទដែលជាប់ទាក់ទង
Open

Close