ឆ្មក់ចូលបង្រ្កាបចាប់ និងរំដោះនារី ដែលមិនទាន់គ្រប់អាយុចេញពីទីតាំងខារ៉ាអូខេ ០១កន្លែងក្នុងស្រុកសំរោងទង
កំពង់ស្ពឺ ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កំលាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់ពីលោកស្រី ឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបានកិច្ចដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ រួមជាមួយក្រឡាបញ្ជីនិងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បេីកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែងដែលមាន យីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជាក់ស្តែងទីតាំងខាងលេី សមត្ថកិច្ចរកឃេីញថាពិតជាបានទទួលយកនារីក្មេងៗមិនទាន់គ្រប់អាយុអោយចូលមកបម្រេីការនៅទីតាំងខារ៉ាអូខេពិតប្រាកដមែន និងអាចមានការសង្ស័យ លួចអនុញ្ញាតអោយផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃេីញអ្នកពាក់ព័ន្ធចំនួន០៥នាក់ ដែលអាចមានការពាក់ព័ន្ធបេីកទីតាំងខាងលេី (ក្នុងពេលប្រតិបត្ដិការគឺអ្នកទាំង៥មានវត្ដមានឋិតក្នុងទីតាំង)។
បច្ចប្បន្នកំលាំងសមត្ថកិច្ចនគរបាលបានកំពុងដំណេីរការនីតិវិធីសាកសួរលេីបុគ្គលសង្ស័យទាំង៥ ក្នុងការរកឱ្យឃេីញអ្នកទទួលខុសត្រូវនិងបន្ដចំណាត់ការដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕