ខេត្តកំពត៖ ដោយអនុត្តតាមការណែនាំរបស់រដ្ឋបាលខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងដល់អាជ្ញាធរឃុំទាំង១៣ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងលក់ភេសជ្ជៈទាំងអស់ ឱ្យរុះរើផ្ទាំងប៉ាណូ ឬស្លាកយីហោដែលមានភ្ជាប់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ ដែលពុំមានលិខិតអនុញ្ញាតិឱ្យបានមមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
តាមលិខិតជូនដំណឹងខាងលើ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងលក់ភេសជ្ជៈទាំងអស់ក្នុងស្រុកទឹកឈូមួយចំនួនធំ បានធ្វើការរុះរើផ្ទាំងប៉ាណូ ឬស្លាកយីហោដែលមានភ្ជាប់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទនៅតាមទីតាំងរបស់ខ្លួនដោយខ្លួនឯង ចាប់តាំងពីថ្ងៃជូនដំណឹងរហូតមកដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មុនពេលដែលថ្ងៃកំណត់បានមកដល់។
ទន្ទឹមនឹងនោះ ក្នុងករណី ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងលក់ភេសជ្ជៈទាំងអស់ មិនគោរពតាមការជូនដំណឹងខាងលើនោះអាជ្ញាធរស្រុកនឹងធ្វើការចុះទៅរុះរើដោយផ្ទាល់ដល់ទីតាំង ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់នោះឡើយ ហើយរាល់ការចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់លក់ដូរភេសជ្ជៈ។
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា ដោយផ្អែកតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កន្លងទៅនេះ រដ្ឋបាលស្រុកបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដែលមានផ្ទាំងប៉ាណូ ឬស្លាកយីហោភ្ជាប់ការផ្សព្វផ្សាយគ្រឿងស្រវឹងត្រូវរុះរើចេញអំឡុងពេល ១សប្តាហ៍។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងករណី ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងលក់ភេសជ្ជៈ មិនគោរពតាមការជូនដំណឹងនេះ អាជ្ញាធរស្រុកនិងប្រើប្រាស់កម្លាំងចុះរុះរើនៅគ្រប់ទាំង១៣ឃុំ ពោលគឺនឹងមិនបណ្តែតឱ្យរូបភាពអវិជ្ជមានបែបនោះបន្តដាក់បង្ហាញក្នុងភូមិសាស្ត្រស្រុកទឹកឈូតទៅទៀតឡើយ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត