អភិបាលខេត្តស្ទឹងត្រែង ៖ វែកមុខ និងឃាត់ខ្លួនមកទទួលទោសតាមច្បាប់រដ្ឋកំណត់ ចំពោះអ្នកនៅពីក្រោយខ្នង និងអ្នកជួលឱ្យប្រជាជន ចូលកាប់បំផ្លាញព្រៃឈើ ដើម្បីសម្រេចមហិច្ឆតាទន្ទ្រានដីរដ្ឋ ដោយខុសច្បាប់!
ខេត្តស្ទឹងត្រែង៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកប្រធានមន្ទីរបរិស្ថានខេត្ត ដើម្បីធ្វើការស្រាវជ្រាវ កំណត់ទីតាំង និងឈានទៅកំណត់មុខសញ្ញា ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ កម្លាំងជំនាញបានធ្វើការពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន។ ក្រោយការបញ្ចប់នីតិវិធីដោយស្ថាប័នបអយ្យការអមសាលាដំបូងខេត្ត បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ត។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងឧទ្យានុរក្ស ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង។
លោក សរ សុពុត្រា ក៏បានសំណូមពរទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីវែកមុខ និងឃាត់ខ្លួនមកទទួលទោសតាមច្បាប់រដ្ឋកំណត់ ចំពោះអ្នកនៅពីក្រោយខ្នង និងអ្នកជួលឱ្យប្រជាជន ចូលកាប់បំផ្លាញព្រៃឈើ ដើម្បីសម្រេចមហិច្ឆតាទន្ទ្រានដីរដ្ឋ ដោយខុសច្បាប់។