លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាលជាមួយសមាគមសិល្បករខ្មែរ 

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទីមួយកម្ពុជា បានអនុញ្ញាតឱ្យសមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជួបសម្ដែងការគួរសម និងសំណះសំណាល បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ាចូលកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរប្រមាណជាង៣ ខែកន្លងមកនេះ។ ពិធីជួបសម្ដែងការគួរសមនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរូមពីសមាជិក សមាជិកា សិល្បករ សិល្បការិនី គ្រប់ទម្រង់ជាច្រើនរូប ព្រមទាំងតំណាងសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA)។ 

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតក៏បានថ្លែងសារគន្លឹះ ទៅកាន់សមាជិក សមាជិកា សមាគមសិល្បករខ្មែរថា សិល្បករ គឺជាអ្នកនាំសារអប់រំទៅកាន់សង្គម សិល្បករគឺជាអ្នកជួយលើកតម្លៃស្រ្តី និងជួយការងារមនុស្សធម៌នៅក្នុងសង្គម ដែលជាកិច្ចការដ៏សំខាន់មួយរួមចំណែកអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។ 

នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្រៅពីបានបង្ហាញជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសមាគមសម្រេចបានក្នុងរយៈពេលជាង៣ខែមកនេះ សមាគមសិល្បករកម្ពុជា ក៏បានស្នើទៅកាន់លោកជំទាវបណ្ឌិតក្នុងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមមួយចំនួនដែលដឹកនាំដោយលោកជំទាវបណ្ឌិត។ 

ក្នុងនាមជាស្រ្តីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សមាគមសិល្បករខ្មែរដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលមានសកម្មភាពគួរឱ្យកត់សម្ភាស ក្នុងការជួយអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ ជួយដល់គិតគូរដល់ជីវភាពរបស់សិល្បករគ្រប់ទម្រង់ដែលមានវ័យចំណាស់ និងអ្នកដែលមានជីវភាពខ្វះខាតជាដើម ព្រមទាំងមានផែនការច្បាស់លាស់ក្នុងការជួយពង្រឹងវិស័យសិល្បៈខ្មែរឱ្យមានភាពរីកចម្រើន និងជាពិសេស សមាគមបានបំពេញការងារយ៉ាងសកម្មក្នុងកិច្ចសង្គម ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ 

អត្ថបទ៖ ចេន សុភានាថ

អត្ថបទដែលជាប់ទាក់ទង
Open

Close