កម្ចី អនឡាញ! មិនសង ឬមិនមានលទ្ធភាពសង គឺបុគ្គលនេះចុះទៅទារប្រាក់ផ្ទាល់ដល់ទីតាំងភ្ញៀវ ហើយក៏ជាអ្នកនាំបក្សពួកជាជនជាតិខ្មែរទៅអុកឡុក ស្រែកឡូឡា តាមមុខផ្ទះ និងហាងរកសុីរបស់អ្នកខ្ចី ហើយថែមទាំងយករូបរបស់អ្នកខ្ចី និងអ្នកដែលសងប្រាក់រួច យកទៅបង្ហោះគំរាមបរិហារកេរ្តិ៍តាមបណ្ដាញសង្គម និងបានឆាតទៅគំរាមកំហែង បាចខិត្តប័ណ្ណតាមហាងមុខផ្ទះរបស់អ្នកខ្ចី

(ភ្នំពេញ)៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនបុគ្គលម្នាក់ ឈ្មោះ TEE PAU ANN ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិម៉ាឡេសុី មកកាន់នាយកដ្ឋានដើម្បីសាកសួរ តបតាមបណ្ដឹង និងសេចក្ដីរាយការណ៍ដែលប្ដឹងចូលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារក្រុមរកស៊ីកម្ចីប្រាក់តាមអនឡាញ។

ក្រោយការសាកសួរ បុគ្គលនេះបានប្រាប់ថា ខ្លួនចូលមកប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ២០១៩ ក្នុងគោលបំណងរកសុីកម្ចីប្រាក់តាមអនឡាញរហូតដល់បច្ចុប្បន្ន ដោយមានក្រុមការងារខ្លួនជាអ្នកទំនាក់ទំនងរកភ្ញៀវ លុះទំនាក់ទំនងរកបានអ្នកខ្ចីហើយ គឺខ្លួនជាអ្នកចុះទៅពិនិត្យមើលដល់ទីតាំងផ្ទាល់ ថាគួរឲ្យ ឬមិនគួរឲ្យ ដោយកំណត់អាត្រាការប្រាក់ចន្លោះពី១៥%ទៅ១៨%ក្នុងរយ:ពេល២០ថ្ងៃ ដែលជាការបើកកម្ចីប្រាក់តាមអនឡាញដោយគ្មានច្បាប់អនុញ្ញាត និងផ្ទុយពីបញ្ញាត្តិមាត្រា៥៥ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ក្នុងករណី ភ្ញៀវមិនសង ឬមិនមានលទ្ធភាពសង គឺបុគ្គលនេះចុះទៅទារប្រាក់ផ្ទាល់ដល់ទីតាំងភ្ញៀវ ហើយក៏ជាអ្នកនាំបក្សពួកជាជនជាតិខ្មែរទៅអុកឡុក ស្រែកឡូឡា តាមមុខផ្ទះ និងហាងរកសុីរបស់អ្នកខ្ចី ហើយថែមទាំងយករូបរបស់អ្នកខ្ចី និងអ្នកដែលសងប្រាក់រួច យកទៅបង្ហោះគំរាមបរិហារកេរ្តិ៍តាមបណ្ដាញសង្គម និងបានឆាតទៅគំរាមកំហែង បាចខិត្តប័ណ្ណតាមហាងមុខផ្ទះរបស់អ្នកខ្ចី ដែលសកម្មភាពនេះបង្ករឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាចនិងធ្វើឲ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្ដាប់ធ្នាប់សារធារណៈសង្គម ។

បច្ចុប្បន្ន បុគ្គលនេះត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close