កំពង់ធំ៖ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ លោក ព្រឹមរដ្ឋាអភិបាលរងខេត្ត អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដឹកនាំកងកម្លាំង 35 នាក់ បានចុះទៅត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹកសង្គ្រោះផលដំណាំស្រូវ របស់ប្រជាកសិករជាងបីពាន់ហិកតា ដែលកំពុងទុំ ត្រូវប្រមូលផលហើយត្រូវជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងមួយផ្នែករបស់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ឆេង បូរ៉ា តំណាងឲ្យប្រជាកសិករ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បានរាយការណ៍បញ្ជាក់ថា ដំណាំស្រូវប៉ែកខាងក្រោមនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ប្រមាណបីពាន់ហិកតា ដែលកំពុងប្រមូលផល ត្រូវបានទឹកជន់លិចក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ។ បច្ចុប្បន្ននេះបងប្អូនប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវដណ្ដើមពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួនសម្រាលនូវការខូចខាតបាត់បង់ថវិកា បានមួយផ្នែក ។
លោក ព្រឹម រដ្ឋា បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ផលស្រូវ ដែលរងការខូចខាតជាងបីពាន់ហិកតា ដែលបងប្អូនប្រជាកសិករ បានចំណាយថវិកាយ៉ាងច្រើន ដើម្បីបង្កបង្កើនផលស្រូវតែត្រូវទឹកជន់លិចបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ឯកឧត្តម ព្រឹម រដ្ឋា បានណែនាំដល់តំណាងប្រជាកសិករទាំងអស់ ត្រូវសហការឲ្យបានល្អជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ពិសេសបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីចាត់តាំងកងកម្លាំងក្នុងការបម្រើប្រជាជនតាមការចាំបាច់នានា ដែលប្រជាពលរដ្ឋត្រូវការ។
នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមកងកម្លាំងរួចជាស្រេច តាមការចាំបាច់នានា ដែលប្រជាជនត្រូវការ ក្នុងការបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើមនិងដោយឥតលក្ខខណ្ឌ។
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ធំ