បងប្អូនបង្កើត ទំនាស់ ដីកេរ សល់ពីឪពុកម្តាយ បញ្ចប់ទាំងទឹកភ្នែក

ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បានធ្វើការសម្រុះសម្រួលបញ្ចប់វិវាទ ក្នុងសំណុំរឿងតម្កល់ទុកតចាត់ការលេខ ៦៩ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីទំនាស់រឿងដីកេរពីឪពុកម្តាយ រវាងបងប្អូនបង្កើត។

ភាគីទាំងសងខាងក៏មានការប្រើប្រាស់ពាក្យពេចន៍អសុរោះ ដោយភាពចង់ឈ្នះចង់ចាញ់នឹងគ្នា ទើបបានធ្វើការប្តឹងផ្តល់គ្នាមកតុលាការ។

គួរបញ្ជាក់ផងដែរថា តំណាងមហាអយ្យការបានពិនិត្យឃើញថា សំណុំរឿងនេះអាចធ្វើការសម្រុះសម្រួលបាន ដោយភាគីនៃវិវាទត្រូវជាបងប្អូនបង្កើតនឹងគ្នា ព្រមទាំងមានវ័យចំណាស់រៀងៗខ្លួនទៅហើយ ចំណែកវិវាទនេះទៀតសោតគឺជាទំនាស់ពាក់ព័ន្ធដីកេរសល់ពីឪពុកម្តាយ។ 

 ក្រោយពីបានពិនិត្យលើសំណុំរឿង និងសាកសួរភាគីទាំងសងខាង ឃើញថាពួកគាត់មានឆន្ទៈក្នុងការបញ្ចប់វិវាទដោយសន្តិវិធី និងស្ម័គ្រចិត្ត។ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តមបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងក្រុមការងារ បានធ្វើការសម្របសម្រួលរៀបចំឱ្យភាគីទាំងពីរ និងអ្នកពាក់ព័ន្ធ បានជួបគ្នាដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នា និងលើកឡើងអំពីសំណូមពរផ្សេងៗ។

ជាលទ្ធផល ភាគីទាំងសងខាងបាន បង្ហាញពីអារម្មណ៍ស្តាយក្រោយ និងដឹងពីកំហុសដែលបានធ្វើខុសលើសលោះលើគ្នា ព្រមទាំងបានធ្វើការសូមទោសគ្នាទៅវិញទៅមក និងបានឯកភាពគ្នាដូចតទៅ ៖

១-រក្សាដីមួយកន្លែង (ដីដែលបញ្ចុះសពម្តាយឈ្មោះ លួស សាលឿម) ដែលស្ថិតនៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដាក់បម្រើផលប្រយោជន៍រួមឱ្យគ្រួសារត្រូកូល សូវ

២-ឈប់ប្តឹងគ្នាចាប់ពីថ្ងៃនេះតទៅ និងយល់ព្រមដករាល់ពាក្យបណ្តឹងដែលបានប្តឹងរួចនៅតុលាការគ្រប់ជាន់ថ្នាក់

៣-អនុញ្ញាតឱ្យមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវខ្លឹមសារ និងរូបភាពនៃការសះជា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។

ប្រភព៖ តេឡេក្រាម ព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌

អត្ថបទដែលជាប់ទាក់ទង
Open

Close