លោក ស ថេត ណែនាំ ស្នងការនគរបាលខេត្ដតាកែវ ថ្មី ត្រូវធានាគ្រប់គ្រង និងបែងចែកកម្លាំងឱ្យត្រូវជំនាញ របស់នគរបាលម្នាក់ៗ ដើម្បី…!

ខេត្តតាកែវ៖ លោក ស ថេត  ណែនាំ ស្នងការនគរបាលខេត្ដតាកែវ ថ្មី ត្រូវធានាគ្រប់គ្រង និងបែងចែកកម្លាំងឱ្យត្រូវជំនាញ របស់នគរបាលម្នាក់ៗ ដើម្បីធ្វើឱ្យមន្រ្ដីធ្វើការចំជំនាញ និងអាចមានការងារធ្វើ សម្រាប់ឆ្លើយតបការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងខេត្ដ កាន់តែមានប្រសិទ្ធភាព។

លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិមានប្រសាសន៍ថា ក្នុងនាមជាស្នងការ និងប្រធានអង្គភាព ត្រូវតែគ្រប់គ្រងអង្គភាពរបស់ខ្លួនឱ្យបាន ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងសង្គមជាតិដែលថ្នាក់ដឹកនាំបានប្រគល់ជូន។

ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ លោក ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែកក្កដា
លោកឧត្ដមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ការងារត្រូវធ្វើយ៉ាងណាឱ្យអង្គភាពមានការរីកចម្រើន និងមិនត្រូវក្ដោបក្ដាប់ការងារតែម្នាក់ឯងទាំងអស់នោះទេ គឺត្រូវបែកចែកគ្រប់គ្រងកូនចៅឱ្យត្រឹមត្រូវ។

លោក ស ថេត ក៏បានរៀបចំបែងចែកភារៈកិច្ចឱ្យស្នងការរងនីមួយៗ ដោយមានស្នងការរងទទួលផែន ស្នងការរងទទួលតាមការិយាល័យជំនាញ និងស្នងការរងទទួលអធិការឃុំស្រុក ហើយត្រូវមានយន្ដការតាមដានដើម្បីធានាប្រសិទ្ធភាពការងារ។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ឯក ស ថេត ជំរុញឱ្យពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កភាពកក់ក្ដៅ និងសេចក្ដីទុកចិត្ដពីប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close