កិច្ចការចុះបញ្ជីដីធ្លីបុរាណដ្ឋានក្នុងខេត្តសៀមរាប បានបញ្ចប់នូវភាពមន្ទិល និងមិនច្បាស់លាស់ ក្នុងការកាន់កាប់អចលនទ្រព្យនៅលើទីតាំងដីក្បែរបុរាណដ្ឋាន
ខេត្តសៀមរាប ៖ ក្រុមការងារត្រួតពិនិត្យលើទីតាំងបុរាណដ្ឋាន ដែលមានសមាសភាពពីក្រសួង រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រជុំពិភាក្សាគ្នា និងចុះពិនិត្យដល់ទីតាំងជាក់ស្ដែងនៅទីតាំងបុរាណដ្ឋានចំនួន ២៩កន្លែង ស្ថិតក្នុងសង្កាត់ស្លក្រាម សង្កាត់នគរធំ និងសង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជាលទ្ធផល ទីតាំងបុរាណដ្ឋានសរុបចំនួន៩ ត្រូវបានលុបចេញពីបញ្ជីបុរាណដ្ឋានដោយសារអស់សក្តានុពលផ្នែកបុរាណវិទ្យា ទីតាំងខ្លះត្រូវរក្សាទុកក្នុងបញ្ជីបុរាណដ្ឋានដដែល និងខ្លះទៀតត្រូវបានបង្រួមយកត្រឹមរចនាសម្ព័ន្ធប្រាសាទ ដែលមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាកំណត់ថាមានស្លាកស្នាមវត្ថុបុរាណ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងបន្តនីតិវិធី ដើម្បីពន្លឿនការចុះបញ្ជីដីបុរាណដ្ឋានដែលពុំមានប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផល ព្រមទាំងចុះបញ្ជីដីដែលបានកាត់ចេញពីបញ្ជីបុរាណដ្ឋានជូនប្រជាពលរដ្ឋ។ ការកំណត់ទីតាំងបុរាណដ្ឋានត្រូវអនុវត្តតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីរដ្ឋ ក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព ព្រមទាំងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃចុះបញ្ជីដី និងកិច្ចការការពារបុរាណដ្ឋាន។