ផឹកស្រាថ្លៃ! មេធាវីម្នាក់ មានងារជា ឧកញ៉ា ត្រូវ PM ចាប់ខ្លួន បញ្ជូនទៅតុលាការ ក្រោយ ចូលក្លឹបដក កាំភ្លើងខ្លីបាញ់សម្តែងឬទ្ធិ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលគេដឹងថា ជាអ្នកជំនួញដីធ្លី ឬហៅម្យ៉ាងទៀតថា ជាអ្នកមានជំនាន់ថ្មី កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៨ កក្កដា ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន នៅក្នុងក្លឹបកំសាន្ត Central.X ក្រោយពីជនសង្ស័យនិងបក្ខពួកបានផឹកស្រា Hennessy អស់២ដបស្រវឹង ដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។
ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។
តាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដ គឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង។
បើតាមសមត្ថកិច្ច ជនសង្ស័យ ខុន បញ្ចសិទ្ធិ ជាមេធាវីផង និងមានងារជាឧកញ៉ាផង ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ជាគោរម្យងារឧកញ៉ា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ៕