លោកឧត្តមសេនីយ៍ទោ ហួត សុធី អនុញ្ញាតឱ្យលោក Chairman Lee HaeBum ប្រធានសមាគមន៍កូរ៉េ នៃសៀមរាបកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម
សៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Chairman Lee HaeBum ប្រធានសមាគមន៍កូរ៉េ នៃសៀមរាបកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម ។
ក្នុងជំនួបនេះផងដែរ លោកប្រធានសមាគមន៍កូរ៉េ ក៏បានជួបសម្តែងការគួរសម និងសួរសុខទុក្ខ ព្រមទាំងបានលើកសរសើរដល់កងកម្លាំងនៃស្នងការការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ លើវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងទិសដៅដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជម្រាបជូនអំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនលោកប្រធានសមាគមន៍កូរ៉េ ដោយកន្លងមកក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ចំពោះបទល្មើសធំៗនៅខេត្តសៀមរាបគឺពុំមាននោះទេ ដោយឡែកទាក់ទងនិងបទល្មើសផ្សេងៗ ដែលទាក់ទងទៅនិងជនបរទេស កើតមានតិចតួចនៅក្នុងខេត្តសៀមរាប (បង្ក្រាបបាន១០០%)។ ទាំងនេះគឺដោយសារមានការរៀបចំផែនការពារ និងប៉ុស្តិ៍ការពារគោលដៅច្បាស់លាស់ និងមានការចូលរួមពីតាមបណ្តាកុងស៊ុល និងអង្គភាពពាក់ព័ន្ធទាំងអស់ មានការសហការគ្នាបានយ៉ាងល្អទើបនាំឲ្យបញ្ហាសន្តិសុខមានភាពល្អប្រសើរ ធ្វើឲ្យបទល្មើសមានការថយចុះ ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណ និងមានប្រសាសន៍សំណូមពរដល់លោកប្រធានសមាគមន៍កូរ៉េ សូមជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េ ក៏ដូចជាអ្នកវិនិយោគផ្សេងៗ មកទស្សនាកំសាន្ត និងវិនិយោគ នៅខេត្តសៀមរាបឱ្យបានកាន់តែច្រើនកុះករ ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់លោកប្រធានសមាគមន៍កូរ៉េ ព្រមទាំងសហការីទាំងអស់ ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕





