អភិបាលខេត្តកែប ៖ ត្រូវយកចិត្តទុកដាក់ពិនិត្យ តាមដាន និងចាត់វិធានការឱ្យបានម៉ឺងមាត់បំផុត ចំពោះក្រុមជនអគតិមួយចំនួន ដែលបានផ្សព្វផ្សាយ ប្រឌិតសភាពការណ៍ ញុះញង់ បំភ្លៃ បំភាន់ព័ត៌មានពាក់ព័ន្ធនឹងការកាត់ ខេត្តចំនួន៤ ជូនវៀតណាម
ខេត្តកែប៖ រដ្ឋបាលខេត្តកែប សូមជម្រាបជូន លោកឧត្តមសេនីយ៍ វរសេនីយ៍ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក បានជ្រាបថា៖ យោងតាមស្មារតីអង្គប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តខែបន្ទាប់ ឆ្នាំ២០២៤ ក្រៅពីការបំពេញបន្ថែម និងឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានណែនាំ និងដាក់ចេញនូវទិសដៅចាំបាច់សម្រាប់ អនុវត្តបន្តមួយចំនួនដូចខាងក្រោម៖
១. ស្នងការដ្ឋាន បញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ពិនិត្យ តាមដាន និងចាត់វិធានការឱ្យបានម៉ឺងមាត់បំផុត ចំពោះក្រុមជនអគតិមួយចំនួន ដែលបានផ្សព្វផ្សាយ ប្រឌិតសភាពការណ៍ ញុះញង់ បំភ្លៃ បំភាន់ព័ត៌មានពាក់ព័ន្ធនឹងការកាត់ខេត្តចំនួន៤ជូនវៀតណាម ក្នុងកិច្ច សហការប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម និងគម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនខ្មែរ ក្នុងគោលបំណងបង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស របស់ថ្នាក់ដឹកនាំ និងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
២. គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ពិសេសត្រូវលុបបំបាត់ឱ្យខាងតែបានបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ខុសច្បាប់ និងបទល្មើសផ្សេងៗ។
៣. មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការរៀបចំ និងបំផុសការចូលរួមលើការ គ្រប់គ្រងអនាម័យបរិស្ថានតាមទីតាំងអង្គភាពសាមី និងតាមដងផ្លូវនានា សំដៅលើកកម្ពស់សោភណភាព ឱ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងវិនិយោគិននានា។
៤. មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយ និងត្រៀមរៀបចំពិធីអបអរសាទរការ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដោយត្រូវចាត់តាំង និង បំផុសការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋគ្រប់មូល ដ្ឋានឱ្យបានអធិកអធម។
៥. មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅ ដែលបានដាក់ចេញ ដើម្បីយកទៅអនុវត្តខែបន្ទាប់ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។