កំពង់ស្ពឺ៖ ជនសង្ស័យ សម្លាប់ ជនរងគ្រោះ ត្រូវបានឃាត់ខ្លួនន
នៅថ្ងៃទី២៦ កក្កដា ២០២៤ ។
ដោយមានការ ចង្អុលដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ
ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ការសម្របសម្រួលពីឯកឧត្តមស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបងខេត្ត
កំពង់ស្ពឺ នគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ បានក្នុងរយៈពេល៦ថ្ងៃ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២០ កក្កដា ២០២៤ វេលាម៉ោង ១៨ និង៣០នាទី ចំណុចក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅ ភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
សពជនរងគ្រោះឈ្មោះឡុង លី ភេទប្រុស អាយុ៦៦ឆ្នាំ (នៅភូមិថ្នី) មុខរបរ ធ្វើជាប្រជាការពារ ។
តាមការបំភ្លឺពីឈ្មោះឈួន ហៅ ភេទស្រីអាយុ ៦៦ឆ្នាំ (ប្រពន្ធសព) បានបំភ្លឺថា មុនពេលកើត វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះ បានកាន់កាំបិត និងខ្សែគោ ដើរទៅផ្លាស់គោឲស៊ីស្មៅ នៅវាលស្រែ មាត់ស្ទឹងក្រោយផ្ទះ រហួតដល់ម៉ោង១៨និង៣០នាទី មិនឃើញត្រឡប់មកផ្ទះ មានការសង្ស័យ ទូរស័ព្ទចូលមិនលើក បានឲកូនដើររក ទើបប្រទះឃើញសាកសពនិងរាយការណ៍ប្រាប់សមត្ថកិច្ច ។
តាមការពិនិត្យរបស់នគរបាលការិយាបច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះមានស្លាកស្នាម : កំភូនដៃសងខាង មានស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាតដៃឆ្វេង បែកចិញ្ចើមស្តាំ ស្នាមជាំលើជុំ
ចិញ្ចើម ដាច់ស្លឹងត្រចៀកស្តាំមួយកំណាត់ខាងលើ ផុងលលាដ៏ក្បាលខាងស្តាំ(អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង) បែកលលាដ៌ក្បាលខាងលើ ផ្នែកខាងឆ្វេង ។
បន្សល់នៅកន្លែងកើតហេតុ កាំបិតផ្កាក់ ដងឫស្សី របូតផ្លែ (របស់ជនរងគ្រោះ) ។
នៅខាងលិចសាកសព មានឫស្សី១គុម្ព មានស្នាមជីកទំពាំងថ្មីៗ ។
យោងតាមការស្រាវជ្រាវស៊ើបអង្គេត និងការពិនិត្យកន្លែងកើតហេតុ ។
សន្និដ្ឋានថា ៖ ជនសង្ស័យ ដែលសម្លាប់ ជនរងគ្រោះ អាចជាអ្នកទៅជីកទំពាំង និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ។
ករណីនេះកំពុងបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ។
នៅថ្ងៃទី២៦ កក្កដា ២០២៤ វេលាម៉ោង០៧និង៣០នាទី កម្លាំង ការិយានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនជនសង្ស័យ ឈ្មោះសូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ មុខរបរ:កសិករ ។
ជនសង្ស័យ បានសារភាពថា ពិតជាបានយកចប់ជីកដែក វាយ និងយកផ្លែចបបុកលើក្បាល ជនរងគ្រោះបណ្តាលអោយស្លាប់ ។
ដោយមូលហេតុ ខឹងជនរងគ្រោះ ស្តីបន្ទោស អោយពីរឿងលួចជីកទំពាំង ។ រីឯចប់ជីកដែក បានបោះចោលកក្នុងទឹកស្ទឹង ។