លោក ជិន ប៊ុនធឿន ៖ បានត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត​ និងគោះត្រឡោក អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤!

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ​២០២៤​ នេះ នៅសាលប្រជុំរដ្ឋបាលខណ្ឌ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ​បានដឹកនាំកិច្ចប្រជុំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌ ដោយមានវត្តមានចូលរួមពីសំណាក់លោកអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៤៣នាក់។
នាឱកាសនោះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានរាយការណ៍ការងារដល់កិច្ចប្រជុំ និងលើកឡើងជំរុញមន្ត្រីរបស់យើងត្រូវចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ជាពិសេស ការត្រៀមកម្លាំងការពារសុវត្ថិភាពក្នុងពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលពេលរាត្រីមានការអុជកាំជ្រួច ការប្រគំតន្ត្រីកំសាន្ត ជូនប្រជាពលរដ្ឋទស្សនា ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ លោក ជិន ប៊ុនធឿន បានឯកភាពលើការលើកឡើងរបស់ លោកអភិបាលរងខណ្ឌ និងសូមឲ្យព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត​ និងគោះត្រឡោក អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក០៩នាទីព្រឹក។
ជាមួយគ្នានេះ លោកអភិបាល បានដាក់បទបញ្ជាអោយកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ទាំងអស់ត្រូវចាត់កម្លាំងរបស់ខ្លួនចុះល្បាតតាមមូលដ្ឋាន ២៤ម៉ោង/២៤ម៉ោង ត្រូវចាត់ចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ជនអនាថា ក្មេងទំនើង បរិស្ថាន ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ ធានាអោយបានការការពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំងមូល៕
អត្ថបទដែលជាប់ទាក់ទង
Open

Close