២នាក់ប្តីប្រពន្ធ សង្ស័យពុលផ្សិត បន្ទាប់ពីទទួលទាន  ស្ងោរផ្សិត ជាមួយសត្វគីង្គក់ ប្តីស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ!

ខេត្តរតនគិរី  ៖ យោងតាមរបាយការណ៍បឋមរបស់ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី អោយដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា នៅម៉ោងប្រមាណ ២៣ និង៣០នាទីយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤ មានករណី សង្ស័យជំងឺ ពុលផ្សិត ២នាក់ប្តីស្លាប់ប្រពន្ធ បន្ទាប់ពីទទួលទានសម្លរស្ងោរផ្សិត ជាមួយសត្វគីង្គក់ ពេលល្ងាចវេលាម៉ោងប្រហែង៦។ បន្ទាប់មកប្រហែលម៉ោង៨ មានអាការៈ ឈឺពោះ វិលលមុខ ឈឺក្បាល ក្អួត ចុកពោះ រហូតដល់ម៉ោងប្រហែល២៣ និង៣០នាទី បានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាព វីរៈជ័យ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយស្ថានភាពធ្ងន់ធ្ងរ ក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តរួចក៏បាត់បង់ជីវិត ប្តីនៅវេលាម៉ោង៣ និង៣៤នាទីទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ហើយជនរងគ្រោះជាប្តីដែលស្លាប់ មានឈ្មោះ ប្រង កេះ ភេទប្រុស អាយុ៣០ឆ្នាំ ។ អ្នកជំងឺមកពីភូមិរ៉ក ឃុំកុកឡាក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

បន្ទាប់ពីទទួលព័ត៌មានមន្ទីរសុខាភិបាលបានរៀបចំក្រុមការងារ ដឹកនាំដោយលោក ជា និត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីចុះសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ មណ្ឌលសុខភាពវ៉ើនសៃ បានចុះធ្វើការអង្កេតសា្រវជ្រាវករណីនេះដល់កភូមិកើតហេតុ ដើម្បីសាកសួរព័ត៌មានបន្ថែម និងធ្វើការអប់សុខភាពបឋម ផងដែរ។

សូមបញ្ជាក់ផងដែរថា ករណីពុលផ្សិតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះប្រជាពលរដ្ឋ នៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន១៧នាក់ក៏បានពុលផ្សិតម្យ៉ាងបន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាងមកធ្វើម្ហូបទទួលទាន តែមិនបណ្តាលអោយស្លាប់នោះទេបន្ទាប់ពីដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែក ខេត្តទាន់ពេលវេលា។ បន្ទាប់មកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីបង្ការ បញ្ហាសុខភាពបណ្តាលមកពីបរិភោគផ្សិតពុល នេះផងដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

 

អត្ថបទដែលជាប់ទាក់ទង
Open

Close