បង្រ្កាបទីតាំងស្ដុកទុកប្រេង NOVA-2T (លក់ប្រេងម៉ាស៊ីនក្លែងក្លាយ) ល្មើសបន្លំសិទ្ធិអ្នកប្រើប្រាស់!
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៤ កក្កដា ២០២៤ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស បានចូលរួមក្នុងប្រតិបត្តិការបង្រ្កាបទីតាំង លួចលក់ប្រេងម៉ាសុីនលាយក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមពាក្យបណ្ដឹងរបស់ ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។
កិច្ចប្រតិបត្តិការបានដឹកនាំ សម្របសម្រួលនីតិវិធី ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ម្ចាស់តំណាង សិទ្ធិផ្ដាច់មុខ នាំចូល ។
ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន សម្រេចរឹបអូសដកហូត ជាបណ្ដោះអាសន្ន រួមមាន ៖
-ប្រេងរំអិលម៉ាក់ NOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប NOVA 2T ចំនួន ១,២៦២ កំប៉ុង)។
-ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុប ប្រេង រំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុង )
ក្រោយបញ្ចប់ប្រតិបត្ដិការរយៈពេល៣ម៉ោង សម្រេចបញ្ជូនសម្ភារៈទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ន និងដំណើរការនីតិវិធីលើម្ចាស់ទីតាំងឈ្មោះ ហេង សុខជា សាកសួរតាមនីតិវិធីច្បាប់។
បងប្អូនប្រជាពលរដ្ឋជាបន្ទុក នៃការខាតបង់ធំបំផុតក្នុងការប្រើប្រាស់ផលិតផលក្លែងក្លាយ ករណី អាហារ គឺប្រាកដណាស់ប៉ះពាល់សុខភាពជាចម្បង សូមមានគុណធម៌ បញ្ឍប់ការកេងចំណញដោយទុច្ចរឹតបែបនេះ។