លោក សរ សុពុត្រា បញ្ជាអោយរុះរើ របាកាត់ទទឹងផ្លូវ ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង..!

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ជាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ម្ចាស់ផ្ទាំង ផ្សាយពាណិជ្ជកម្ម របារកាត់ទទឹងផ្លូវ និងស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង មេត្តាជ្រាបថា ៖ កន្លងមក រដ្ឋបាលខេត្ត បានសង្កេតឃើញមានការតម្លើងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីតាំង មួយចំនួន គ្មានច្បាប់អនុញ្ញាតខ្លះទៀតមានសភាពចាស់ទ្រុឌទ្រោម និងដាច់ធ្លាក់ ហើយថែមទាំងបានផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទផងដែរ សកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដូចខាងក្រោម៖

១. ធ្វើការរុះរើរបារកាត់ទទឹងផ្លូវចេញពីទីតាំងលើកំណាត់ផ្លូវលេខ៦៤ មុខវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច ក្បែរ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងផ្ទាំងផ្សាយពាណិជ្ជកម្មលើសួនរង្វង់មូលអូរពងមាន់ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរើយកទៅដាក់នៅទីតាំងសមរម្យណាមួយ។

២. ធ្វើការរុះរើស្លាកប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទទាំងអស់ ដោយ លើកទឹកចិត្តក្នុងការកែសម្រួលមកផ្សព្វផ្សាយរូបភាពតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិនានា ក្នុងខេត្តវិញ។

៣. ធ្វើការរុះរើផ្ទាំងប៉ាណូដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ និងនៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬគ្មានច្បាប់អនុញ្ញាត ឬដាច់រហែក ចាស់ពុកផុយ ទ្រុឌទ្រោម និងត្រូវហាមឃាត់រាល់ការបំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម ទាំង រូបភាព និងខ្លឹមសារអក្សរ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៤. រដ្ឋបាលខេត្ត ទុករយៈពេល៣០ថ្ងៃ សម្រាប់លោក លោកស្រី ដើម្បីធ្វើការរុះរើដោយស្ម័គ្រចិត្ត ផុតរយៈពេល កំណត់នេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរុះរើស្របតាមនីតិវិធីច្បាប់ជាធរមាន។

ក្នុងករណីនេះ រដ្ឋបាលខេត្ត មិនទទួល ខុសត្រូវចំពោះការខូចខាតជាយថាហេតុណាមួយ ដែលបណ្តាលមកពីការរុះរើនោះឡើយ។

រដ្ឋបាលខេត្ត មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី នឹងអនុវត្តសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតី ម្ចាស់ការ និងកាតព្វកិច្ចចូលរួមទទួលខុសត្រូវខ្ពស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close