ត្រឹម២ថ្ងៃ ឃាត់ជនសង្ស័យ៦នាក់ និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធ​ អំពើចោរកម្ម (លួច)

ខេត្តស្ទឹងត្រែង៖ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានកោសរសើរ ដល់កម្លាំងអាវុធហត្ថ ដែលបានធ្វើការចុះបង្ក្រាប បទល្មើស ទាន់ពេលវេលា។

ក្រោយពី​អភិបាលខេត្តថ្មី ចូលកាន់តំណែង  បានដាក់បទបញ្ជា  កម្លាំងកងរាជអាវុធ
ហត្ថខេត្ត ត្រឹមតែ ២ថ្ងៃ ប៉ុណ្ណោះ អាចបំបែកសំណុំរឿង​ ករណី ចោរកម្ម ទ្រង់ទ្រាយធំ ។

លោកអភិបាលខេត្ត  បានណែនាំដល់កងកម្លាំងទាំងពីរប្រភេទ ដើម្បីពង្រឹងការបង្ក្រាបរាល់បទល្មើសផ្សេងៗ ដូចជាការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរកម្ម និងអំពើបទល្មើសផ្សេងៗទៀត ដែលកើតមាននៅក្នុងខេត្ត។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែងទាំងអស់ សុំឱ្យមាន
ការជឿជាក់ទៅលើកម្លាំងមានសមត្ថកិច្ច ដែលបានខំប្រឹងប្រែងដុតដៃដុតជើងក្នុងចុះការបង្ក្រាប នាពេលកន្លងមក

លោកឧត្តមសេនីយ៍ត្រីសេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថាដោយមានបទបញ្ជា ពីឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យអាវុធហត្ថ ត្រូវអនុវត្តនិងបង្ក្រាបរាល់បទល្មើសនានា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងយោងតាមស្មារតី
ដែល អភិបាល នៃគណៈអភិបាលខេត្ត បានប្រជុំនិងដាក់ផែនការសកម្មភាពបង្ក្រាបទប់ស្កាត់រាល់បទល្មើស និងការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទទួលបានសុខសន្តិភាពផងដែរ។

ជាលទ្ធផល កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ ក្នុង ករណីលួចបានចំនួន ៦នាក់ រួមវត្ថុតាង មួយចំនួន ផងដែរ ។

សូមបញ្ជាក់ថា ក្នុងចំណោមវត្ថុតាងទាំងអស់ មានម៉ូតូ មួយគ្រឿង ដែលត្រូវ ក្រុមជនសង្ស័យលួចមកពីខេត្តរតនគិរី ហើយក៏ត្រូវ បាន លោកអភិបាលខេត្ត ប្រគល់ជូនទៅម្ចាស់វិញ៕

ដោយ ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close