នាយឧត្តមសេនីយ៍ ស ថេត ៖ ស្នងការថ្មី ត្រូវ យកចិត្តដាក់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា , ល្បែងស៉ីសងគ្រប់ប្រភេទ និង…..!

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៅសាលាខេត្តបាត់ដំបង។ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជំនួស លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ មុនចូលកាន់តំណែងនេះ កាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលផែនការងារអន្ដោប្រវេសន៍។

ក្នុងពិធីនេះ ក៏មានការបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ និង លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចូលរួមអបអរសាទរជាមួយ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដែលបានប្រកាសចូលកាន់តំណែងនៅពេលនេះ ហើយសូមកោតសរសើរចំពោះសមិទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមករប ស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន។

ឯកឧត្តម សុខ លូ ក៏បានផ្ដាំផ្ញើដល់ ស្នងការថ្មី ត្រូវរក្សាសាមគ្គីផ្ទៃក្នុង ពង្រឹងកសាងអង្គភាព និងអភិវឌ្ឍន៍សមត្ថភាពរបស់មន្ដ្រី សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន និងរក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង ខណៈបញ្ហាសន្ដិសុខជាតិ ជាខ្នងបង្អែកដ៏រឹងមាំរបស់វិស័យផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពចំពោះការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ក្នុងនាមជាមេអង្គភាព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ដោយកត់សម្គាល់នូវ៣ចំណុចរួមមាន៖

ទី១-ជាជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេម និងប៉ារ៉ាហ្គេម ដែលធានាបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រតិភូកីឡាទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំដែលអញ្ជើញចូលរួម។

ទី២-អង្គការហ្វាត់បានដកកម្ពុជាចេញពីបញ្ជីប្រផេះ ពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់។

ទី៣-ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ព្រឹត្តិការណ៍សង្ក្រាន្ដនៅទូទាំងប្រទេស។

ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានធ្វើការកត់សម្គាល់ និងវាយតម្លៃសភាពការណ៍ ព្រមទាំងភាពជោគជ័យរបស់កម្ពុជា ដោយរក្សាសន្ដិភាព បូរណភាពទឹកដីបានយ៉ាងគត់មុត, ធានាបាននូវសន្ដិសុខផ្ទៃក្នុង ស្ថាប័នកំពូលៗរបស់ជាតិ, បញ្ចៀសបានអំពើភេរវកម្ម ខណៈបណ្ដាប្រទេស៣៥នៅលើពិភពលោកមានអំពើភេរវកម្មកើតឡើង, ការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ឥស្សរជនជាតិ-អន្តរជាតិជាន់ខ្ពស់ ការពារព្រឹត្តិការណ៍សំខាន់ៗទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញបទបញ្ជាឲ្យពង្រឹងសមត្ថភាពនគរបាល ពង្រឹងសមត្ថភាពមន្ដ្រីពាក់ព័ន្ធ ធ្វើផែនការឲ្យបានលម្អិត និងវាយតម្លៃសភាពការណ៍ ឲ្យបានច្បាស់លាស់ទាំងខាងក្រៅ និងខាងក្នុង។ ពង្រឹងផែនការងារសន្ដិសុខ បណ្ដុះបណ្ដាលឲ្យបានស៉ីជម្រៅ, យកចិត្តដាក់ទុកលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើសមិនប្រពៃណី, ល្បែងស៉ីសងគ្រប់ប្រភេទ, បញ្ហាវិវាទដីធ្លី និងការតវ៉ារបស់ប្រជាពលរដ្ឋ, ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣មិន ១រាយការណ៍។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកការពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវការណែនាំមួយចំនួនបន្ថែមទៀត ដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមមាន៖

ពង្រឹងតួនាទី និងការទទួលខុសត្រូវក្នុងការដឹកនាំកងកម្លាំងនគរបាល ពោលត្រូវដឹងអំពីសុខ ទុក្ខ មន្ដ្រីក្រោមឱវាទ
ពង្រឹងរបៀបរបបការងារ និងពិនិត្យមើលធនធាន រចនាសម្ព័ន្ធ
ត្រួតពិនិត្យវត្តមាន ការងារប្រចាំថ្ងៃ ប្រជុំប្រចាំខែដើម្បីត្រួតពិនិត្យ បែងចែកការងារ
រក្សាកម្លាំងដែលមានស្រាប់ហាមផ្ទេរចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល, វរការពារព្រំដែន និងអន្ដរាគមន៍

ធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្ត កសាងផែនការ ធានាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តប្រមូលកម្លាំងសរុប មធ្យោបាយសរុប ដោយសហការជាមួយស្ថាប័នដទៃ
ជំរុញគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព
អនុវត្តផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅអប្បបរមា ​
បង្កើនការគ្រប់គ្រងអាវុធជាតិផ្ទុះ
ពង្រឹងអធិការដ្ឋាន លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ
ពង្រឹងគុណភាព សមត្ថភាពកម្លាំង ហ្វឹកហាត់ជាប្រចាំ មានស្នាដៃលើកសរសើរ អនុវត្តខុសដាក់ពិន័យ
ពង្រឹងការងារប្រចាំបញ្ជា ប្រតិកម្មរហ័តឆ្លើយតបឲ្យបានទាន់ពេលវេលា អគ្គីភ័យ ពង្រឹងកម្លាំងប្រតិបត្តិការ
ពង្រឹងសាមគ្គីផ្ទៃក្នុងអង្គភាព និងមន្ទីរជុំវិញខេត្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង
Open

Close