ព្រះសីហនុ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាឥតដាច់ជាង១០ថ្ងៃមកហើយ ធ្វើឲ្យកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-ត្រពាំងរពៅ) ដែលរងការខូចខាតស្រាប់ផងនោះ កាន់តែពិបាកក្នុងដំណើរការជួសជុល ថែទាំ ជួសជុលប្រចាំ ក៏ប៉ុន្តែស្ថានភាពចរាចរណ៍នៅដំណើរការធម្មតា។
ពេលដាច់គ្រាប់ភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ តែងចេញគ្រឿងចក្រដើម្បីបន្តថែទាំ ជួសជុលប្រចាំ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថេរវេលាក្រោមមួយម៉ោងដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទំរាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកនេះ។